
រាជធានីភ្នំពេញ៖ អ្នកមានជាន់ថ្មីសម្ដែងឫទ្ធិដកកាំភ្លើងបាញ់មេឃក្នុងក្លឹបកម្សាន្ត Central.X កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ពេលនេះ ត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាវុធហត្ថរាជធានីភ្នំពេញ...។

អាវុធហត្ថបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ០០ៈ៣០នាទីថ្ងៃទី២៨កក្កដា មានមនុស្សប្រុសស្រីមួយក្រុម នាំគ្នាចូលក្លឹបកម្សាន្ត Central.X ដោយបានហៅស្រា Hennessy ២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឫកបែបអភិជន។ ក្នុងនោះក៏មានបុរសម្នាក់ដែលត្រូវបានអ្នកផ្សេងក្នុងក្រុមហែហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ភ្លាមៗមេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឱ្យយកកាំភ្លើងទៅទុកក្នុងរថយន្ត ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ១គ្រាប់ ដើម្បីសម្ដែងឫទ្ធិអំណាចរបស់ខ្លួន ធ្វើឱ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ។ សភាពមិនស្រួលក្រុមសន្តិសុខរាយការណ៍ជូនកងរាជអាវុធហត្ថខណ្ឌចំការមនចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនីតិវិធី។

អាវុធហត្ថបន្ថែមថា ប្រតិបត្តិការនោះកម្លាំងជំនាញដកហូតអាវុធខ្លីបាន២ដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យកាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀតម៉ាក EKOL VOLGA។ សមត្ថកិច្ចពិនិត្យឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ ក្រោយឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថា ទើបនឹងទទួលបានងារជា «ឧកញ៉ា» កាលពីឆ្នាំ២០២២ បន្ទាប់ពីទទួលបានការត្រាស់បង្គាប់ផ្តល់គោរមងាពីអង្គព្រះមហាក្សត្រ និងជាអគ្គនាយក សហគ្រាស វ័ន រ៉ូយ៉ាល ស៊ីធី គឺជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីលក់ដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជាតៃកុងរថយន្តខ្លួននោះទេ រីឯតៃកុងរថយន្ត បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។

ទោះជាយ៉ាងណា តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថា អ្នកបាញ់ពិតប្រាកដ គឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងរថយន្តនោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយសារភាពផ្ទុយពីសាក្សី និងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង៕




