
ក្រុងច្បារមន៖ អញ្ជើញជាអធិបតីក្នុងវេទិកា «អង្គរ-មហាកំពែង» ឆ្នាំ២០២៦ ក្នុងវិទ្យាស្ថាននាយទាហានចម្រុះ នៅថ្ងៃទី១៧សីហានេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លើកឡើងថា កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមចំនួនកងកម្លាំង ឬសម្ភារបច្ចេកទេសនោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស ដែលមានចំណេះដឹង សមត្ថភាពច្នៃប្រឌិត និងអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា...។

មានប្រសាសន៍ក្នុងវេទិកាក្រោមប្រធានបទ «រួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សឆ្នើមនៃមិត្តភាពដែកថែប និងកសាងមហាកំពែងវាសនារួម» លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន គូសរំលេចថា វេទិកានេះ ផ្តោតសំខាន់លើការផ្លាស់ប្ដូរចំណេះដឹង បទពិសោធ និងគំនិតយុទ្ធសាស្ត្រ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន។ លោកអគ្គមេបញ្ជាការ បញ្ជាក់ថា បច្ចេកវិទ្យាថ្មីៗ ដូចជា៖ បញ្ញាសិប្បនិម្មិត ប្រព័ន្ធយានយន្តគ្មានមនុស្សបើក និងបច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្ដូររបៀបគិត ការគ្រប់គ្រង និងរប្រតិបត្តិការយោធានៅទូទាំងពិភពលោក។ ក្នុងបរិបទនេះ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារបច្ចេកទេសតែមួយមុខនោះទេ។ ដូច្នេះ ការកសាងធនធានមនុស្សឆ្នើម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកងទ័ពទំនើប ប្រកបដោយវិជ្ជាជីវៈ និងជាគន្លឹះដ៏សំខាន់ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ។

លោកមេទ័ពកំពូលកម្ពុជា ថ្លែងបន្តថា វេទិកា «អង្គរ-មហាកំពែង» មានគោលដៅជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រយោធា ការគិតវិភាគ ការគិតយុទ្ធសាស្ត្រ និងការចែករំលែកចំណេះដឹង ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប ផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សប្រកបដោយគុណភាព។ ប្រមុខកងយោធពលខេមរភូមិន្ទ រំពឹងថា វេទិកានេះ នឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការផ្លាស់ប្ដូរគំនិត និងបទពិសោធ ព្រមទាំងពង្រឹង មិត្តភាពដែកថែប និងទំនាក់ទំនងកងទ័ពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងមានចក្ខុវិស័យរួមសម្រាប់អនាគត៕






