អាជ្ញាធរខេត្តក្រចេះ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន ដ្បិតភូមិមួយចំនួនចាប់ផ្តើមលិចលង់ ខណៈទឹកទន្លេបន្តហក់ឡើង
អុន សម្ផស្ស
មួយម៉ោងមុន

ក្រុងក្រចេះ៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កំពុងបន្តកើនឡើង ធ្វើឱ្យភូមិឋានមួយចំនួនក្នុងតំបន់ចាប់ផ្តើមរងការលិចលង់ជាបន្តបន្ទាប់។ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសមត្ថកិច្ច ប្រកាសឱ្យប្រជាពលរដ្ឋរស់នៅតំបន់ទំនាប និងតំបន់ងាយរងគ្រោះ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈសម្រាប់ការជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង..។

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានណែនាំដល់កម្លាំងនគរបាលគ្រប់បណ្តាអង្គភាពចំណុះស្នងការ ឱ្យបន្តចុះពិនិត្យ តាមដានស្ថានភាព និងណែនាំប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់។ ទន្ទឹមគ្នា លោកស្នងការក៏បានណែនាំឱ្យកម្លាំងនគរបាលត្រៀមលក្ខណៈជាប់ជាប្រចាំ ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្រួល និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ករណីទឹកបន្តកើនឡើង និងបង្កឱ្យមានការលិចលង់លំនៅឋាន។ របាយការណ៍របស់មន្ទីរធនធានទឹកក្រចេះ នៅព្រឹកថ្ងៃទី១៧ កម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយជលសាខេត្តមានកម្ពស់ ២០,៦៤ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្ន គឺ២២,០០ម៉ែត្រ។ 

ចំពោះមុខបញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់វាលទំនាប ឬតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្ន តាមដានស្ថានភាពទឹកជាប្រចាំ និងត្រៀមលក្ខណៈសម្រាប់ការផ្លាស់ទីទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលមានការជូនដំណឹងជម្លៀសពីអាជ្ញាធរ។ ក្រសួងធនធានទឹក ក៏បានព្រមានអំពីហេតុការណ៍កម្ពស់ទឹកទន្លេ ស្ទឹង បឹងបួរ ហក់ឡើងខ្លាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩សីហា ដោយសារសម្ពាធទាបដែលកើតមាននៅលើសមុទ្ទចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី និងបានបក់បោកមកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល និងសមុទ្ទអាន់ដាម៉ាន់ ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ពី ៣០ដល់៥០ភាគរយនៅទូទាំងប្រទេស៕ រាយការណ៍ដោយ៖ លោក SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត