
ក្រុងសៀមរាប៖ មួយរយៈចុងក្រោយនេះ លើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម មានការចែករំលែកយ៉ាងច្រើនអំពីប្លង់ថតរូបកំពូលប្រាសាទអង្គរវត្តទាំង៥ ដែលមើលពីជ្រុងនិរតី និងប្លង់ថតដូចទៅនឹង ម៉ាត់ឆា និងស្រ្តបឺរី (matcha strawberry) នៅមុខប្រាសាទបាភួន ដែលមានភាពស្រស់ស្អាតខ្លាំង…។

ប្លង់ថតកំពូលទាំង៥នៃប្រាសាទអង្គរវត្ត ពីជ្រុងនិរតី និងប្លង់ថតដូច (matcha strawberry) បាននិងកំពុងទាក់ទាញចិត្តមនុស្សជាច្រើនឱ្យចង់មកលេងខេត្តសៀមរាប ជាពិសេស សូម្បីតែស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានចែករំលែករូបភាពទាំងនោះ ដោយបានសរសេរសំណេរភ្ជាប់ជាមួយយ៉ាងដូច្នេះថា៖«ចាំទៅថតប្លង់ matcha strawberry ជួបគ្នាឆាប់ៗ…!»។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សម្រស់កំពូលទាំង៥របស់ប្រាសាទអង្គរវត្ត លេចត្រដែតផុសពីព្រៃព្រឹក្សា ដែលមានពណ៌បៃតងខ្ចីនារដូវវស្សា កំពុងបង្ហាញសោភ័ណភាពយ៉ាងស្រស់ស្អាត និងបានទាក់ទាញភ្ញៀវទេសចរ មកថតផ្តិតរូបភាពនៅពីខាងក្រៅកសិន្ធុ ទិសនិរតីនៃប្រាសាទអង្គរវត្ត ដើម្បីទុកជាអនុស្សាវរីយ៍ និងផ្សព្វផ្សាយ។ ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីចំណុចណាក៏ស្រស់ស្អាត និងទាក់ទាញ។ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញប្រត្តិសាស្ត្រកម្ពុជា ប្រាសាទអង្គរវត្ត ឬនគរវត្ត ជាប្រាសាទធំបំផុតនៅប្រទេសកម្ពុជា មានមាត្រដ្ឋានលើផ្ទៃដីទំហំ១៦២,៦ហិកតា ។

រចនាសម្ព័ន្ធនៃសំណង់ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃអច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ជាព្រះមហាក្សត្រនៃសម័យចក្រភពខ្មែរ។ ប្រាសាទនេះ សាងសង់ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានៃលទ្ធិព្រះវិស្ណុ។ ចំណែកប្រាសាទបាភួន ដែលនៅពីមុខប្លង់ថតដូចម៉ាត់ឆា ស្រ្តបឺរី ជាប្រាសាទភ្នំតំណាងឱ្យភ្នំសុមេរុ ដែលជាទេវស្ថានរបស់ព្រះឥសូរ។ នៅចំពីមុខតួរបស់ប្រាសាទបែរទៅទិសខាងកើត មានស្ពានដើរចូលប្រវែង២០០គុណ២,៥០ម៉ែត្រ ទ្រដោយសសរមូលចំនួន៥៤៧ដើម រៀបយ៉ាងស្មើ ហើយស្ពាននេះកសាងឡើង ដើម្បីជាតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទៅឋានសួគ៌។ រីឯផ្នែកខាងឆ្វេងដៃស្ពាន មានស្រះមួយមានទំហំ៣៧គុណ២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់ មានកម្ពស់៣៥ម៉ែត្រ ចែកចេញបីថ្នាក់ ត្រូវបានព្រះបាទឧទយាទិត្យវរ្ម័នទី២ សាងឡើងនៅសតវត្សទី១១ ដើម្បីតម្កល់លិង្គមួយនៅជាន់លើបង្អស់៕







