អគ្គនាយក ចុះត្រួតពិនិត្យពន្ធនាគារ(PJ) ក្រោយមានអ្នកទោសចិន៥នាក់ លួចរត់កាលពីយប់មិញ
ហាក់ អ៊ីឌី
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យ និនៅមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ ឬពន្ធនាគារ PJ នៅព្រឹកថ្ងៃ១៧ ខែសីហានេះ ក្រោយពីមានករណីអ្នកទោសជនជាតិចិន៥នាក់ ធ្វើសកម្មភាពហែកគុករត់គេចខ្លួន​តែមិនបានសម្រេច កាលពីយប់មិញ...។

យោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគារ គូសបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយផ្តោតជាសំខាន់ លើហេដ្ឋារចនាសម្ព័ន្ធ អគារ និងបន្ទប់ឃុំឃាំងជនជាប់ឃុំ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់។ យ៉ាងណា ការចុះត្រួតពិនិត្យនៅពេលនេះ ធ្វើឡើងបន្ទាប់ពី ជនជាប់ឃុំ៥នាក់ ដែលជាជនជាតិ​ចិន ធ្វើសកម្មភាពប៉ុនប៉ងលួចរត់គេចខ្លួនចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ប៉ុន្តែត្រូវបានកម្លាំងអនុរក្សពន្ធនាគារ ដែលកំពុងប្រចាំការ ធ្វើអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបានមកវិញភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ។

ជាមួយគ្នា លោក ឈន សាណាត បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទី និងភារកិច្ចទទួលខុសត្រូវ រក្សាសន្តិសុខ សុវត្ថិភាពពន្ធនាគារ ព្រមទាំងត្រូវត្រៀមលក្ខណជាប្រចាំ ជាពិសេស ក្នុងការបង្ការ និងទប់ស្កាត់ករណីជនជាប់ឃុំប៉ុនប៉ងលួចរត់គេចខ្លួន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត