កូនអណ្តើកព្រិចជិតផុតពូជ១៦៩ក្បាល ត្រូវបានញាស់ដោយជោគជ័យក្នុងរដូវបង្កាត់ពូជ
អុន សម្ផស្ស
20 កញ្ញា 2024 05:30 AM

រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ហៅកាត់ថា ACCB នៅថ្ងៃសុក្រនេះបានប្រកាសដំណឹងដ៏រីករាយមួយក្រោយបិទបញ្ចប់ រដូវបង្កាត់ពូជក្នុងឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ ខណៈមានកូនអណ្តើកព្រិចជិតផុតពូជបំផុតចំនួន១៦៩ក្បាល បានញាស់ដោយជោគជ័យ…។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញថា ដ្បិតកូនអណ្តើកទើបតែញាស់ទាំងនេះ ត្រូវបានគេសម្គាល់ឃើញថា មិនចំរដូវកាលដ៏ល្អបំផុតនៅឡើយ។ តែកូនអណ្តើកព្រិចនីមួយៗ ដែលនៅតូចៗទាំងនោះ តំណាងឱ្យក្ដីសង្ឃឹមសម្រាប់នាពេលអនាគតនូវប្រភេទអណ្តើករងគ្រោះថ្នាក់ជិតផុតពូជបំផុត មានវត្តមានក្នុងប្រទេសកម្ពុជា។ ក្រោមកម្មវិធីរក្សាស្តុកទុកចំនួនរបាយប្រជាសាស្ត្រប្រភេទសត្វកម្រ ដើម្បីការពារកុំឱ្យផុតពូជ ACCB បានបង្កើតឡើងតាមរយៈការសង្គ្រោះសត្វព្រៃ និងស្តារនីតិសម្បទា។ 

ការបង្កាត់ពូជក្រោមការថែទាំរបស់មនុស្ស អនុញ្ញាតផ្តល់ឱ្យក្រុមការងារ ACCB ចាប់ផ្តើម ពិនិត្យនូវបរិយាកាសបរិស្ថានជុំវិញនៃលក្ខណៈអណ្តើកព្រិចទាំងនេះ មុនពេលលែងពួកវាចូលទៅក្នុងតំបន់ការពារវិញ។ ដ្បិតមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ថា លក្ខខណ្ឌអាកាសធាតុម្យ៉ាងគត់របស់ប្រទេសកម្ពុជា មានរដូវប្រាំង និងវស្សាខុសប្លែកដាច់ដោយឡែកពីគ្នា ផ្តល់នូវផលប៉ះពាល់ដោយផ្ទាល់ទៅដល់អាកប្បកិរិយាការបង្កាត់ពូជ។ កំណត់ត្រាក្នុងឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី១៦ឧសភា កូនអណ្តើកព្រិចចំនួន ៥៦ក្បាល បានញាស់ចេញពីសំបុករបស់ពួកវា ក្នុងរយៈពេលត្រឹមតែមួយថ្ងៃបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដំបូងនៃរដូវកាលនេះ។ ទន្ទឹមនឹងការជោគជ័យនេះ ACCB បានថ្លែងអំណរគុណ ទៅដល់ក្រុមការងារទាំងអស់ ដែលបានលះបង់ក្នុងការអនុវត្តថែទាំឱ្យកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សូមរំឭកថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ អណ្តើកព្រិចចំនួន១០០ក្បាលត្រូវបាន ACCB បង្កាត់ពូជ ថែទាំរក្សាទុក រហូតធំធាត់ដល់ទំហំសមល្មមហើយលែងទៅក្នុងតំបន់ការពារដែលមានសុវត្ថិភាពនៅប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកដល់ការស្ដារចំនួនរបាយប្រជាសាស្ត្រនៃចំនួនសត្វអណ្តើកព្រិចព្រៃដែលបានបាត់បង់ទៅ។​ មជ្ឈមណ្ឌលជំនាញនេះ ក៏បានសន្និដ្ឋានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត ក្រុមការងារអភិរក្សសត្វព្រៃ នឹងតាមដានយ៉ាងល្អិតល្អន់ចំពោះសត្វអណ្តើកទាំងនេះថា អាចសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិរបស់ពួកវាបានដល់កម្រិតណា។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ក្រសួងបរិស្ថាន សត្វអណ្តើកដែលប្រឈមនឹងការផុតពូជនៅកម្ពុជា មានចំនួន១០ប្រភេទ ដែលចាំបាច់ត្រូវតែមានការអភិរក្ស ការពារថែរក្សាយ៉ាងខ្លាំងក្លាបំផុតនោះគឺ អណ្តើកហ្លួង ឬ អណ្តើកសរសៃ (Batagur affinis), អណ្តើកសង្កល់ (Heosemys annandalii), អណ្តើកក្អែក (Siebenrockiella crassicollis), កន្ធាយក្បាលកង្កែប (Pelochelys cantorii),អណ្តើកស្រែ (Malayemys subtrijuga),កន្ធាយអាស៊ី (Amyda cartilaginea), អណ្តើកមាស/អណ្តើកខ្នាយ (Manouria impressa), អណ្តើកសោម (Heosemys grandis), ល្មិច (Chelonia mydas) និងអណ្តើកព្រិច ឬអណ្តើកភ្នំ (Indotestudo elongata) នេះឯង៕

អណ្តើកហ្លួង ឬ អណ្តើកសរសៃ (Batagur affinis)
អណ្តើកហ្លួង ឬ អណ្តើកសរសៃ (Batagur affinis)
អណ្តើកសង្កល់ (Heosemys annandalii)
អណ្តើកសង្កល់ (Heosemys annandalii)
អណ្តើកក្អែក (Siebenrockiella crassicollis)
អណ្តើកក្អែក (Siebenrockiella crassicollis)
កន្ធាយក្បាលកង្កែប (Pelochelys cantorii)
កន្ធាយក្បាលកង្កែប (Pelochelys cantorii)
អណ្តើកស្រែ (Malayemys subtrijuga)
អណ្តើកស្រែ (Malayemys subtrijuga)
កន្ធាយអាស៊ី (Amyda cartilaginea)
កន្ធាយអាស៊ី (Amyda cartilaginea)
អណ្តើកមាស ឬអណ្តើកខ្នាយ (Manouria impressa)
អណ្តើកមាស ឬអណ្តើកខ្នាយ (Manouria impressa)
អណ្តើកសោម (Heosemys grandis)
អណ្តើកសោម (Heosemys grandis)
ល្មិច (Chelonia mydas)
ល្មិច (Chelonia mydas)
អណ្តើកព្រិច ឬអណ្តើកភ្នំ (Indotestudo elongata)
អណ្តើកព្រិច ឬអណ្តើកភ្នំ (Indotestudo elongata)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត