
រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ហៅកាត់ថា ACCB បានអះអាងពីភាពជោគជ័យនៃការកើនឡើងចំនួនកូនអណ្តើកញាស់ថ្មី ក្នុងរដូវបង្កាត់ពូជ ក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នមានកូនអណ្តើករហូតដល់ទៅ២១១ក្បាល បានញាស់ចេញពីស៊ុតអណ្តើកចំនួន៥ប្រភេទផ្សេងៗគ្នា…។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៨សីហាថា រដូវកាលបង្កាត់ពូជនេះនៅតែបន្ត ដូច្នេះ ចំនួនកូនអណ្តើកនៅតែអាចកើនឡើងទៀត។ ក្រុមអ្នកជំនាញចាត់ទុកជាដំណឹងដ៏អស្ចារ្យ ហើយក៏ជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមការងារនៅមជ្ឈមណ្ឌល ACCB។ តាមរយៈអ្នកជំនាញដដែល ការបង្កាត់ពូជអណ្តើកទឹក និងអណ្តើកគោក មិនមែនកើតឡើងដោយគ្មានបញ្ហាប្រឈមនោះទេ ប៉ុន្តែក្រុមការងារបានខិតខំចំណាយពេលជាច្រើនឆ្នាំ ដើម្បីកែសម្រួលបច្ចេកទេស និងជំរុញការបង្កាត់ពូជឱ្យទទួលបានដោយជោគជ័យ ព្រមទាំងធានាឱ្យបាននូវអត្រាខ្ពស់នៃការរស់រានមានជីវិតរបស់កូនក្នុងស៊ុត និងកូនអណ្តើកតូចៗដែលទើបតែញាស់។

ជាការកត់សម្គាល់ ប្រភេទសត្វអណ្តើកទឹក និងអណ្តើកគោក ភាគច្រើនមានតម្រូវការជាក់លាក់នៅពេលដែលពួកវាកាយសំបុកពង ដូចជាសំណើមជាក់លាក់ ទឹកភ្លៀង ស្ថានភាពដី និងជម្រៅជាដើម។ មួយវិញទៀត បើគ្មានការរួមផ្សំត្រឹមត្រូវនៃសមាសធាតុទាំងនេះ អណ្តើកក៏មិនព្រមពង ហើយក្នុងករណីពងហើយស៊ុតក៏មិនញាស់ដែរ។ អ្នកជំនាញពន្យល់ថា ប្រភេទសត្វនីមួយៗមានតម្រូវការខុសៗគ្នា ដូច្នេះ វាត្រូវការការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាថា ប្រភេទនីមួយៗត្រូវបានផ្តល់នូវលក្ខខណ្ឌដ៏សមស្របជារៀងរាល់ឆ្នាំ។

សូមជម្រាបថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ គឺជាមជ្ឈមណ្ឌលមួយដែលបានដើរតួនាទីសំខាន់នៅក្នុងការចូលរួមការពារ និងការអភិរក្សសត្វព្រៃ ជាពិសេស សត្វព្រៃដែលកម្រ និងជិតផុតពូជ។ មជ្ឈមណ្ឌលក៏បានផ្តល់ការថែរក្សាអភិរក្ស ព្យាបាលថែទាំដល់សត្វកម្រៗនានា ដែលសង្គ្រោះពីការជួញដូរ និងរងរបួសដោយសារការដាក់អន្ទាក់ ការបរបាញ់ និងកត្តាផ្សេងៗទៀត៕





