កម្ពុជា យករឿងថៃបំផ្លាញប្រាសាទព្រះវិហារ ប្រាប់អន្តរជាតិនៅ«សន្និសីទពិភពលោកយូណេស្កូ»
អុន សម្ផស្ស
02 តុលា 2025 03:37 AM

ក្រុងប៉ាសេឡូណា៖ ក្នុងពេលដែលប្រាង្គប្រាសាទព្រះវិហារ កំពុងរងគ្រោះព្រោះការវាយប្រហារដោយអាវុធធុនធ្ងន់ និងអាវុធខុសច្បាប់អន្តរជាតិ លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ក្នុងនាមជាស្ថាប័នដៃគូនៃអង្គការយូណេស្កូ ចាត់ទុកថា ជាសោកនាដកម្មរបស់ពិភពលោក ព្រោះទង្វើនេះជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ…។

តាមរយៈដំណើរដឹកនាំគណៈប្រតិភូ ICAPP/ACC ចូលរួម«សន្និសីទពិភពលោកយូណេស្កូស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយ ចីរភាព-MONDIACULT 2025» រៀបចំឡើងនៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី១តុលា ឆ្នាំ២០២៥ លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពី «វប្បធម៌ និងសន្តិភាព» ដោយលើកឡើងថា វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់សហគមន៍ និងជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព។ លោកថែមទាំងពន្យល់ថា វប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេ តែវប្បធម៌ជាមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ការបង្រួបបង្រួម និងការផ្សះផ្សា។ ក្នុងន័យនេះ លោកអះអាងថា បេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះ ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែនគ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ។

ថ្លែងទៅកាន់គណៈប្រតិភូមកពីជាង១៥០ប្រទេស ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកជាទឡ្ហីករណ៍ច្បាស់ៗថា ដូចក្នុងករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលស្គាល់ថា ប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ប៉ុន្តែដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលទើបផ្ទុះឡើងសាជាថ្មីក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរ។

ចំពោះមុខបញ្ហាដែលកំពុងកើតមាននេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ទទូចឱ្យមានការគាំទ្រជាអន្តរជាតិ ការពង្រឹងយន្តការតំបន់ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ជាពិសេស អង្គការយូណេស្កូ។ យូណេស្កូ ដែលត្រូវដើរតួនាទីយ៉ាងសំខាន់ និងកាន់តែសកម្ម ដើម្បីលើកកម្ពស់តម្លៃនៃច្បាប់អន្តរជាតិ និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ឱ្យបានទាន់ពេលវេលា ជាពិសេស នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ផុយស្រួយនាពេលបច្ចុប្បន្ន ខណៈកិច្ចសហប្រតិបត្តិការពិភពលោក ក្នុងវិស័យវប្បធម៌ និងសន្តិភាព គឺមានភាពបន្ទាន់ជាងពេលណាទាំងអស់។ សូមរំឭកថា តាមរបាយការណ៍បឋមរបស់អាជ្ញាធរជាតិព្រះវិហារ ត្រឹមថ្ងៃទី១៤សីហា សង្គ្រាម៥ថ្ងៃក្នុងខែកក្កដា ថៃបានបើកការវាយប្រហារទម្លាក់គ្រាប់ និងបាញ់ផ្លោង ប៉ះពាល់ បាក់បែក «ប្រាសាទព្រះវិហារ» រហូតដល់១២៥កន្លែង

លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) 
លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត