អ៊ីរ៉ង់អត់ខ្លាចប្រធានាធិបតីត្រាំ ផ្ដល់រង្វាន់៦ម៉ឺនដុល្លារដល់ស្ត្រីណា ចាប់ ឬសម្លាប់ទ័ពអាម៉េរិក
S
Sinuon Nop
មួយម៉ោងមុន

រដ្ឋធានីតេហ៊ីរ៉ង់៖ កងទ័ពអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យទី១៦សីហាថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ស្មើនឹង៣០ ០០០ដុល្លារអាម៉េរិក សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាម៉េរិកណាម្នាក់ ដោយប្រគល់ប្រាក់រង្វាន់កើនឡើងទ្វេដង ប្រសិនបើការអនុវត្តបែបនេះ ធ្វើឡើងដោយស្ត្រីអ៊ីរ៉ង់។ នេះបើតាមទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya News ចេញផ្សាយព័ត៌មាននៅថ្ងៃចន្ទទី១៧ ខែសីហា...។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា លោកឧត្ដមសេនីយ៍ អាមៀរ ហាតាមី (Amir Hatami) មេទ័ពកំពូលអ៊ីរ៉ង់ បានថ្លែង ថា ផែនការនេះ ត្រូវរៀបចំឡើង បន្ទាប់ពីមាន«សំណើជាច្រើន» ពីអ្នកចង់ចូលរួម។ ប៉ុន្ដែមេទ័ពកំពូលរូបនេះ មិនបានផ្ដល់ព័ត៌មានលម្អិតនៅកន្លែងណា ឬការសម្លាប់ ឬចាប់ខ្លួនទាហានអាម៉េរិកនៅពេលណានោះឡើយ។ ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់លាស់ អំពីការដាក់ពង្រាយកងកម្លាំងជើងគោករបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងជម្លោះនៅមជ្ឈិមបូព៌ា លើកលែងតែប្រតិបត្តិការជួយសង្គ្រោះមួយ កាលពីខែមេសា ដើម្បីជួយសង្គ្រោះដល់អាកាសយានិកអាម៉េរិកម្នាក់ ដែលបានធ្លាក់យន្តហោះតែប៉ុណ្ណោះ។

មេដឹកនាំកំពូលអ៊ីរ៉ង់បច្ចុប្បន្ន លោក ម៉ូចតាបា ខាមេនី
មេដឹកនាំកំពូលអ៊ីរ៉ង់បច្ចុប្បន្ន លោក ម៉ូចតាបា ខាមេនី

មេទ័ពកំពូលអ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ ហាតាមី បានសង្កត់ធ្ងន់ ថា៖«នរណាក៏ដោយ ដែលសម្លាប់ ឬចាប់ខ្លួន និងប្រគល់បុគ្គលិកយោធាអាម៉េរិក ដែលចូលមកឈ្លានពាននោះ នឹងទទួលបានរង្វាន់ចំនួន៣០ ០០០ដុល្លារពីកងទ័ព នៃសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់។ លើសពីនេះ ប្រសិនបើស្ត្រីអ៊ីរ៉ង់ដ៏ក្លាហានណា អនុវត្តសកម្មភាពបែបនេះ នឹងទទួលបានប្រាក់រង្វាន់កើនឡើងទ្វេដង»។ លោកឧត្ដមសេនីយ៍ ហាតាមី បានរម្លឹកឡើងវិញ នូវការអំពាវនាវរបស់អ៊ីរ៉ង់ ទាមទារឱ្យសហរដ្ឋអាម៉េរិក ចាកចេញពីតំបន់មជ្ឈិមបូព៌ា ជាមួយនឹងការនិយាយថា៖«ពួកគេលែងមានការអនុញ្ញាតឱ្យចូលទៅក្នុងឈូងសមុទ្ទអារ៉ាប់ ឈូងសមុទ្ទអូម៉ង់ ឬច្រកសមុទ្ទហ័រមូស (Hormuz) ទៀតហើយ»

មេទ័ពកំពូលអ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ ហាតាមី
មេទ័ពកំពូលអ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ ហាតាមី

សង្គ្រាម រវាងរដ្ឋធានីតេហ៊ីរ៉ង់ និងរដ្ឋធានីវ៉ាស៊ីនតោន ចាប់ផ្តើមដំបូងនៅថ្ងៃទី២៨ ខែកុម្ភៈ ខណៈសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារលើប្រទេសអ៊ីរ៉ង់។ ជាងមួយខែ បន្ទាប់ពីសង្គ្រាមចាប់ផ្តើម សហរដ្ឋអាម៉េរិក បានបើកប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយ ដើម្បីនាំមន្ត្រីទទួលបន្ទុកប្រព័ន្ធអាវុធ នៃយន្តហោះចម្បាំង F-15 ត្រឡប់មកវិញ ដោយមានការចូលរួមពីកងទ័ពអាម៉េរិកប្រហែល២០០នាក់ និងយន្តហោះជាង១៧០គ្រឿង ដោយប្រញាប់ប្រញាល់ ស្វែងរកអាកាសយានិកដែលបានធ្លាក់យន្ដហោះនោះ ឱ្យបានមុនកងកម្លាំងអ៊ីរ៉ង់រកឃើញ។ ក្នុងអំឡុងពេលជួយសង្គ្រោះនោះ កងទ័ពអ៊ីរ៉ង់ បានធ្វើឱ្យខូចខាតយន្តហោះ វាយប្រហារទៅលើដីប្រភេទ A-10 មួយគ្រឿង ដែលត្រូវគេបោះបង់ចោល នៅលើទឹកដីរបស់ភាគីសម្ព័ន្ធមិត្ត។

សហរដ្ឋអាម៉េរិក បានបោះបង់ចោល និងបំផ្លាញយន្តហោះដែលប្រើប្រាស់ នៅក្នុងបេសកកម្មនោះ រួមទាំងយន្តហោះដឹកជញ្ជូនប្រភេទ C-130 មួយគ្រឿង។ ប៉ុន្មានថ្ងៃមុននោះ អ្នកបើកបរយន្តហោះ F-15 ត្រូវបានជួយសង្គ្រោះដោយក្រុមអាកាសយានិកឧទ្ធម្ភាគចក្រ នៅក្នុងប្រតិបត្តិការរបស់ពួកគេ។ ក្រោយមក សង្គ្រាមបានផ្អាក ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ នាខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជិត៤០ថ្ងៃ ហើយបន្តមកទៀត លក្ខខណ្ឌសម្រាប់ការចរចាសន្តិភាពនៅខែមិថុនា បានរងបរាជ័យ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បន្តបាញ់គ្នាទៅវិញទៅមកឡើងវិញ ដោយការប្រយុទ្ធគ្នា ភាគច្រើនផ្តោតលើតំបន់ភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ និងតំបន់ជុំវិញច្រកសមុទ្រហ័រមូស។

ទំនាក់ទំនងដោយប្រយោល រវាងភាគីទាំងពីរ តាមរយៈអ្នកសម្របសម្រួល នៅតែបន្ត ប៉ុន្តែមានសញ្ញាតិចតួចណាស់ សម្រាប់វឌ្ឍនភាពផ្នែកការទូត។ អ៊ីរ៉ង់ ក៏បានដាក់ចេញនូវបញ្ជីសំណើ សម្រាប់ការបើកច្រកសមុទ្ទនោះឡើងវិញ រួមទាំងសំណើទូទាត់សំណងការខូចខាតដោយសារសង្គ្រាម។ ទាហានអាម៉េរិកដែលត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមានចំនួន១៧នាក់ ដោយករណីស្លាប់ចុងក្រោយបំផុត បានកើតឡើង នៅខែកក្កដា។ ពួកគេទាំងអស់ត្រូវបានសម្លាប់នៅក្រៅប្រទេសអ៊ីរ៉ង់ ដោយរាប់បញ្ចូលទាំងប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត