
រដ្ឋធានីញូវដេលី៖ ប្រជាជនឥណ្ឌាយ៉ាងច្រើនកុះករ ជាអ្នកគោរពប្រតិបត្តិសាសនាហិណ្ឌូ ឬសាសនាព្រហ្មញ្ញ បាននាំគ្នាទៅធ្វើពិធីគោរពបូជា និងបន់ស្រន់នៅព្រះវិហារ អាសោក (Ashok Dham) ពេលមេឃទើបភ្លឺស្រាងៗ គឺនៅម៉ោងជាង៦ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ប៉ុន្តែជាអកុសល ស្រាប់តែមានភាពចលាចលកើតឡើង ហើយក៏រត់ជាន់គ្នាបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតយ៉ាងតិច៦នាក់ និងមួយចំនួនទៀតរងរបួស...។

មានបង្គោលភ្លើងអគ្គិស១ដើម បានដួលរលំនៅតំបន់ប្រាសាទនោះ ដូច្នេះ ប៉ូលិស និងមន្រ្តី ក៏សន្និដ្ឋានជាបមឋថា ទំនងជាដោយសារបង្គោលភ្លើងអគ្គិសនីដួលរលំ ទើបធ្វើឱ្យប្រជាជនដែលទៅធ្វើពិធីបួងសួង ចាប់ផ្តើមភ័យស្លន់ស្លោ ហើយក៏រត់ជាន់គ្នាតែម្ដង។ ទោះជាយ៉ាងណា អាជ្ញាធរមានសត្ថកិច្ច កំពុងស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុឱ្យឃើញថា មកពីអ្វីឱ្យពិតប្រាកដ។ ទូរទស្សន៍ឥណ្ឌា បានបង្ហាញពីទិដ្ឋភាពបងប្អូនសាច់ញាតិ កំពុងជួបជុំគ្នា បន្ទាប់ពីជនរងគ្រោះ ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ។

សូមរម្លឹកថា កាលពីខែមីនា ឆ្នាំ២០២៦ មានហេតុការណ៍ស្រដៀងគ្នានេះដែរ គឺការជាន់គ្នាបណ្ដាលឱ្យស្ត្រី៨នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងពិធីបុណ្យសាសនាហិណ្ឌូនៅព្រះវិហារមួយ ឈ្មោះ ស៊ីតាឡា ម៉ាតា (Shitala Mata)។ ចំណែក កាលពីឆ្នាំ២០២៥ ប្រជាជនឥណ្ឌារាប់លាននាក់ បានចូលរួមក្នុងពិធីបុណ្យមួយនៃសាសនាហិណ្ឌូ ហើយមានមួយចំនួនធំ បានគ្នាទៅប្រមូលផ្តុំនៅស្រះទឹកមួយ ដែលពួកគេចាត់ទុកថា ជាស្រះទឹកពិសិដ្ឋ ដើម្បីចុះងូតទឹកលាងជម្រះបាប ប៉ុន្តែដោយសារមនុស្សច្រើនពេក ពួកគេក៏ពិបាកដកដង្ហើម ហើយអ្នកខ្លះដែលមិនទាន់ចុះក្នុងស្រះ បានដួល និងត្រូវគេជាន់ រហូតដល់មនុស្ស៣០នាក់ បានបាត់ជីវិតនាពេលនោះ៕




