
រដ្ឋធានីហាណូយ៖ ក្រុមហ៊ុនវិភាគអាកាសចរណ៍របស់ចក្រភពអង់គ្លេស OAG បានរាយការណ៍ ថា វៀតណាម បានវ៉ាដាច់ប្រទេសថៃ ក្លាយជាប្រទេសមានទីផ្សារអាកាសចរណ៍ដ៏ធំបំផុតលំដាប់ទី២របស់អាស៊ាន សម្រាប់រយៈពេល២ខែជាប់ៗគ្នា ដោយទទួលកៅអីតាមកាលវិភាគហោះហើរចំនួន៧,៣លានកៅអី នៅក្នុងខែសីហា។ នេះបើតាមសារព័ត៌មាន VN Express ចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី១៧សីហា...។

ដោយឡែក ប្រទេសឥណ្ឌូណេស៊ី នៅតែរក្សាតំណែង ជាប្រទេសមានទីផ្សារអាកាសចរណ៍ដ៏ធំជាងគេបំផុតលំដាប់ទី១ នៅតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានដដែល ដោយក្នុងខែសីហានេះ ឥណ្ឌូណេស៊ីទទួលបានកៅអីសរុបប្រហែល១១លានកៅអី កើនឡើង៤,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ ក្រុមហ៊ុនវិភាគអាកាសចរណ៍របស់ចក្រភពអង់គ្លេស (OAG) បានរាយការណ៍ ថា សមត្ថភាពអាកាសចរណ៍សរុបរបស់ប្រទេសអាស៊ាន បានឈានដល់កម្រិតខ្ពស់មួយ ប្រហែល៥១លានកៅអី នៅខែសីហា ដោយបានកើនឡើងប្រហែល០,៨ភាគរយ នៅក្នុងអំឡុងដូចគ្នា បើធៀបនឹងឆ្នាំ២០២៥។

បច្ចុប្បន្នប្រទេសថៃ ធ្លាក់មកនៅចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការទទួលទីផ្សារអាកាសចរណ៍ចំនួន៧,២លានកៅអី ខណៈប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់លេខ៤ មាន៥,៤លានកៅអី និងប្រទេសហ្វីលីពីន ឈរនៅលំដាប់ទី៥ ទទួលបានចំនួន៤,៨លានកៅអី។ ប្រទេសឥណ្ឌូណេស៊ី នៅតែជាប្រទេសមានទីផ្សារអាកាសចរណ៍ក្នុងស្រុកដ៏ធំបំផុតនៅក្នុងតំបន់ ដោយមានកៅអីសរុប៨,៨លាន កើនឡើង៥,៤ភាំគរយ បើធៀបនឹងឆ្នាំមុន។ នេះជាសញ្ញាបង្ហាញអំពីតម្រូវការដ៏ខ្លាំងក្លា សម្រាប់ការធ្វើដំណើរក្នុងស្រុក។ រីឯសមត្ថភាពដឹកជញ្ជូនតាមកាលវិភាគរបស់ឥណ្ឌូណេស៊ី បានកើនឡើង ៤,៣ភាគរយ ខណៈប្រទេសវៀតណាម បានកត់ត្រាអត្រាកំណើនលឿនជាងមុន គឺ ១០ភាគរយ។ ចំណែកសមត្ថភាពដឹកជញ្ជូននៅក្នុងប្រទេសថៃ បានធ្លាក់ចុះ១,៧ភាគរយ ម៉ាឡេស៊ី ធ្លាក់ចុះ៦,៥ភាគរយ និងហ្វីលីពីន ធ្លាក់៥,៧ភាគរយ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍វិញ គឺក្រុមហ៊ុន Lion Air របស់ឥណ្ឌូណេស៊ី គ្រោងនឹងផ្តល់កៅអីប្រហែល២,៣៣លាន ដែលធ្វើឱ្យក្រុមហ៊ុននេះ ស្ថិតនៅលំដាប់ទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមហ៊ុន Vietnam Airlines និងក្រុមហ៊ុន AirAsia របស់ម៉ាឡេស៊ី ទោះបីសមត្ថភាពដឹកជញ្ជូនរបស់ប្រទេស បានធ្លាក់ចុះ១១,១ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ រីឯក្រុមហ៊ុន Batik Air របស់ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ដែលជំរុញកំណើននៅក្នុងវិស័យសេវាកម្មអាកាសចរណ៍ពេញលេញរបស់តំបន់។ ជើងហោះហើរអន្តរជាតិ ចេញពីតំបន់អាស៊ីអាគ្នេយ៍ នៅតែបន្តកើនឡើងយ៉ាងខ្លាំង ដោយមានសមត្ថភាពដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុប កើនឡើង១០,៨ភាគរយ និងទៅកាន់អាម៉េរិកខាងជើង មានចំនួន៩ភាគរយ ខណៈសមត្ថភាពដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ធ្លាក់ចុះ៤,៦ភាគរយ៕




