មេខ្លោងឆបោកតាមអនឡាញដ៏ធំ សម្ងំលាក់ខ្លួនរកស៊ីលាងលុយកខ្វក់នៅថៃ
S
Sinuon Nop
5 ម៉ោងមុន

រាជធានីបាងកក៖ បុរសជនជាតិចិនជាមេខ្លោងឆបោកតាមអនឡាញ ឬស្កេមដ៏ធំមួយរូប បានត្រូវអាជ្ញាធរថៃចាប់ខ្លួន ដោយសារជាប់ពាក់ព័ន្ធ នឹងបណ្ដាញលាងលុយខ្មៅ។ ការចាប់ខ្លួនឧក្រិដ្ឋជនឆបោកតាមអនឡាញនេះ តែងតែកើតមានឡើងជាបន្ដបន្ទាប់ នៅក្នុងប្រទេសថៃ ខណៈរាជរដ្ឋាភិបាលរាជធានីបាងកក តែងតែចោទប្រកាន់ខុសការពិតមកលើកម្ពុជាអំពីករណីនេះ ដើម្បីលាងខ្លួន ទាំងដែលថៃខ្លួនឯងនៅកខ្វក់នៅឡើយ ហើយប្រឹងកុហកពិភពលោកថា ជាប្រទេសស្អាតស្អំគ្មានអំពើស្កេម។

សកម្មភាពរបស់សមត្ថកិច្ចថៃ ចុះឃាត់ខ្លួនមេខ្លោងឆបោកតាមអនឡាញ និងលាងលុយ
សកម្មភាពរបស់សមត្ថកិច្ចថៃ ចុះឃាត់ខ្លួនមេខ្លោងឆបោកតាមអនឡាញ និងលាងលុយ

សារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយដោយផ្អែកតាមមន្រ្តីប៉ូលិសថា បុរសវ័យ៣០ឆ្នាំ ដែលស្គាល់អត្ដសញ្ញាណត្រឹមតែឈ្មោះ Zhang (ចាង) បានត្រូវឃាត់ខ្លួនក្នុងអគារខុនដូមួយកន្លែងស្ថិតក្នុងស្រុកបាងឡាមុង (Bang Lamung) ទីក្រុងប៉ាតតាយ៉ា (Pattaya)។ ជនសង័្សយជនជាតិចិនម្នាក់នេះ ជាបុគ្គលដែលអាជ្ញាធរចិនកំពុងតែតាមចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងបទឆបោក និងការលាងលុយ ហើយក៏ត្រូវអាជ្ញាធរថៃ ចោទប្រកាន់នៅក្នុងប្រទេសរបស់ខ្លួន ពីបទស្នាក់នៅហួសសុពលភាពទិដ្ឋាការ (visa)។

ប៉ូលិសទីក្រុងប៉ាតតាយ៉ា បានបន្ដថា លោក ចាង ក្លាយជាតួអង្គដ៏សំខាន់ម្នាក់ ដែលបានជ្រើសរើស និងដឹកនាំបណ្តាញមួយ សម្រាប់ប្រើប្រាស់កាត ATM និងគណនីធនាគារនៅក្នុងការដក និងការផ្ទេរប្រាក់ ដែលទទួលបានពីអំពើឆបោក ដោយមានគោលបំណងបិទបាំងប្រភពដើមនៃប្រាក់ទាំងនោះ និងគេចវេះពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច។

ក្នុងអំឡុងពេលសាកសួររបស់សមត្ថកិច្ច លោក ចាង បានសារភាព ថា ខ្លួនបានប្រើប្រាស់ប្រទេសថៃ ជាមូលដ្ឋានសម្រាប់លាងលុយខ្មៅ ដែលទទួលបានមកពីបណ្ដាញក្រុមឆបោក និងសម្ងំលាក់ខ្លួន នៅក្នុងប្រទេសថៃ បន្ទាប់ពីបានរត់គេចខ្លួន ពីការតាមចាប់របស់អាជ្ញាធរចិន។ ក្រោយការចាប់ខ្លួន និងការសាកសួរបឋមរួចហើយ សមត្ថកិច្ចបានប្រគល់ជនសង័្សយម្នាក់នេះ ទៅកាន់ប៉ូលិសអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសថៃ ហើយនឹងបន្ដចាត់វិធានការតាមផ្លូវច្បាប់នៅក្នុងប្រទេសចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត