ផ្ទុះហ្គាសឆេះទូកនេសាទ ឆក់យកជីវិតមនុស្សម្នាក់ របួសធ្ងន់២នាក់ និង២នាក់ទៀតបាត់ខ្លួនកណ្ដាលលម្ហសមុទ្ទ
ហាក់ អ៊ីឌី
3 ម៉ោងមុន

ក្រុងព្រះសីហនុ៖ ឧប្បត្តិហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទមួយគ្រឿង នៅកណ្ដាលលម្ហសមុទ្ទកម្ពុជា បានបណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិតភ្លាមៗ ចំណែក២នាក់រងរបួសធ្ងន់ និងមនុស្ស២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន...។ 

យោងតាមសេចក្ដីរាយការណ៍បឋម បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅថ្ងៃទី១៧ ខែសីហា ស្ថិតនៅចំណុចក្បែរកោះដូង ក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីថុងហ្កាសមួយបានផ្ទុះឆេះ បង្កឱ្យមានគ្រោះអគ្គិភ័យឆេះទូកនេសាទនោះនៅកណ្តាលលម្ហសមុទ្ទតែម្តង ដោយបានឆក់យកជីវិតម្ចាស់ទូកឈ្មោះ សៅ គ្រិន អាយុ៥៤ឆ្នាំ។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានសហការជាមួយក្រុមសង្គ្រោះ ចុះអន្តរាគមន៍យ៉ាងប្រញាប់ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលបានរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ 

ទោះយ៉ាងណា ក្រៅពីមនុស្សស្លាប់ និងរបួស នៅមានប្រជានេសាទ២រូបទៀត បាត់ខ្លួន នៅកណ្ដាលសាគរ ក្នុងនោះរួមមាន​៖ទី១.ឈ្មោះ ឃិន សំបូរ និងទី២.ឈ្មោះ សៅ រ័ត្ន។បច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្ទ កម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្ទ និងក្រុមហ៊ុន GTVC ដើម្បីបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះចំនួន២នាក់ ដែលកំពុងបាត់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត