
ទីក្រុងតៃប៉ិ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលរដ្ឋធានីប៉េកាំង បាននិងកំពុងបង្កើនសម្ពាធយ៉ាងខ្លាំង ប្រឆាំងនឹងការផ្តាច់ខ្លួនរបស់មេដឹកនាំកោះតៃវ៉ាន់ ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ការទូត និងយោធា ដើម្បីចាប់បង្ខំឱ្យរដ្ឋបាលក្រុងតៃប៉ិ ព្រមទទួលយកដែនអធិបតេយ្យរបស់ចិន នៅលើកោះមួយនេះ។ ថ្មីៗនេះ មានសេចក្ដីរាយការណ៍មកថា ចិនបានបញ្ជូនកងនាវាចម្បាំង យន្ដហោះយោធា និងឧទ្ធម្ភាគចក្រ សរុបជិត២០គ្រឿង ទៅធ្វើសកម្មភាពនៅជុំវិញដែនកោះ ដែលចង់គ្រប់គ្រងអំណាចដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ...។

សារព័ត៌មាន Taiwan News បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទទី១៧សីហានេះថា ក្រសួងការពារជាតិកោះតៃវ៉ាន់ កំពុងតាមដានសកម្មភាពរបស់មេដឹកនាំកុម្មុយនីស្ដចិន ដែលបានបញ្ជូនយន្ដហោះយោធាមួយគ្រឿង នាវាកងទ័ពជើងទឹក៩គ្រឿង និងនាវាចម្បាំង៧គ្រឿង ធ្វើនាវាចរឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់ ចន្លោះពីម៉ោង៦ព្រឹកកាលពីថ្ងៃអាទិត្យទី១៦សីហា និងនៅម៉ោង៦ព្រឹកថ្ងៃចន្ទនេះ មានឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន បានហោះចូលក្នុងតំបន់កំណត់អត្ដសញ្ញាណការពារដែនអាកាស ភាគខាងជើង នៃដែនកោះរបស់ខ្លួន។

ជាការឆ្លើយតបវិញ មេដឹកនាំកោះតៃវ៉ាន់ បានដាក់ពង្រាយយន្ដហោះចម្បាំង កងនាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលមានមូលដ្ឋាននៅលើឆ្នេរ ដើម្បីតាមដានសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន។ នៅក្នុងខែសីហានេះ មេដឹកនាំកោះតៃវ៉ាន់ បានធ្វើការកត់សម្គាល់ឃើញយន្តហោះយោធាចិនធ្វើប្រតិបត្តិការរំលោភបំពានចំនួន១២៧លើក ក្នុងនោះមាននាវាចម្បាំងចិន មានចំនួន២០៥លើក។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ រហូតមក ប្រទេសចិន បានបង្កើនការប្រើប្រាស់យុទ្ធសាស្ត្រ «តំបន់ពណ៌ប្រផេះ» ជាមួយនឹងការបង្កើនចំនួនយន្តហោះយោធា និងនាវាចម្បាំងរបស់កងទ័ពជើងទឹក ដែលប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ជាបន្តបន្ទាប់។

យុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះ ត្រូវបានកំណត់និយមន័យថា៖«កិច្ចខិតខំប្រឹងប្រែង ឬកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់ លើសពីវិធានការទប់ស្កាត់ និងការធានាសន្តិសុខ នៅក្នុងកម្រិតធម្មតា ជាមួយនឹងគោលបំណងសម្រេចបាននូវគោលដៅសន្តិសុខរបស់ខ្លួន ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងយោធាដោយផ្ទាល់ និងក្នុងកម្រិតធំ»។ រដ្ឋធានីប៉េកាំង តែងតែអះអាងពីកូនកោះតៃវ៉ាន់ ថាជាផ្នែកមួយ នៃទឹកដីរបស់ចិន មិនអាចបំបែកបាន។ លើសពីនេះ ប្រទេសចិន ក៏មិនធ្លាប់បដិសេធអំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីរឹបអូសដែនកោះដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ យកមកដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដែរ។ ប្រសិនបើមានករណីចាំបាច់ ចិន អាចនឹងវាយលុក រឹបអូសដែនកោះតៃវ៉ាន់ត្រឡប់មកវិញ។

ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក បានប្រឆាំងយ៉ាងដាច់អហង្កា នៅក្នុងការកែប្រែស្ថានការណ៍បច្ចុប្បន្ន។ ស្របជាមួយគ្នានេះដែរ ទាំងសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនានានៅជុំវិញពិភពលោក មិនទាន់ទទួលស្គាល់ពីឯករាជភាពរបស់កោះតៃវ៉ាន់ដោយស្របច្បាប់នៅឡើយទេ។ ប៉ុន្ដែរដ្ឋធានីវ៉ាស៊ីនតោន នៅតែប្ដេជ្ញាផ្ដល់អាវុធទំនើបៗ ទៅកាន់ដែនកោះមួយនេះ ដើម្បីការពារខ្លួនពីសំណាក់មហាយក្សចិន យ៉ាងច្រើនដដែល៕





