
រាជធានីភ្នំពេញ៖ សម្ពាធទាបកើតនៅលើសមុទ្ទចិនខាងត្បូង នៅមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន បានបោកបក់មកលើសមុទ្ទកម្ពុជា និងអាងទន្លេមេគង្គ។ កត្តាទាំងនេះ បានធ្វើឱ្យតំបន់វាលទំនាប ដែលមានខេត្តចំនួន១៣មានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦…។

មន្រ្តីក្រសួងធនធានទឹក បញ្ជាក់ថា តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍ ធ្វើឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី២៥ភាគរយ។

រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា បង្កឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ ដោយលាយទ្បំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

ចំណែកតំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ក្នុងនោះ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ បង្កឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។ រលកសមុទ្ទ មានកម្ពស់អប្បបរមាកន្លះម៉ែត្រ និងកម្ពស់អតិបរមាមួយម៉ែត្រ៕




