កូរ៉េខាងជើង ចោទអាម៉េរិក-ជប៉ុន និងកូរ៉េខាងត្បូង ថាបង្ក«វិបត្តិសន្តិសុខថ្មី» ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញមុខចោទប្រកាន់សហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ថាបាននិងកំពុងបង្ក «វិបត្តិសន្តិសុខថ្មី» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានព្រមានថា ការពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំងបី កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពតំបន់...។

នៅក្នុងអត្ថបទវិភាគ ចុះផ្សាយដោយភ្នាក់ងារព័ត៌មានរដ្ឋ KCNA អ្នកវិភាគយោធាកូរ៉េខាងជើង បានលើកឡើងថា ប្រទេសទាំងបី បានដំឡើងសមត្ថភាពធ្វើសង្គ្រាមរួមគ្នាតាមរយៈសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាពិសេស សមយុទ្ធជើងទឹកអន្តរជាតិ RIMPAC (Rim of the Pacific) ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។ កូរ៉េខាងជើង អះអាងថា សមយុទ្ធ RIMPAC ឆ្នាំនេះ មានកងទ័ពចូលរួមជាង៣ម៉ឺននាក់ នាវាចម្បាំងជាង៣០គ្រឿង នាវាមុជទឹក៥គ្រឿង និងយន្តហោះចម្បាំងជិត១៩០គ្រឿង គឺជាការហាត់សមសម្រាប់ការឈ្លានពាន និងជាការស្វែងរកអំណាចយោធាផ្តាច់មុខរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់។

បន្ថែមពីនេះ រដ្ឋធានីព្យុងយ៉ាង ក៏បានរិះគន់លើសមយុទ្ធផ្លូវអាកាស និងដឹកជញ្ជូនរវាងអាម៉េរិក-កូរ៉េខាងត្បូង លើការពង្រឹងរចនាសម្ព័ន្ធបញ្ជាការដ្ឋានសហរដ្ឋអាម៉េរិកនៅជប៉ុន និងការដាក់ពង្រាយប្រព័ន្ធមីស៊ីលទំនើបៗ ដោយបានព្រមានថា កូរ៉េខាងជើងនឹងឆ្លើយតប ទៅនឹងការគំរាមកំហែងកម្រិតថ្មី ជាមួយនឹងកម្លាំងទប់ស្កាត់កម្រិតថ្មីដូចគ្នា។ ដោយឡែក ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានបដិសេធដាច់អហង្កាចំពោះការចោទប្រកាន់របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដោយហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងរៀបចំឡើងដើម្បីផលប្រយោជន៍នយោបាយ ខណៈសហរដ្ឋអាម៉េរិកខ្លួនឯងទៅវិញទេ ដែលជាអ្នកបង្កើតកម្លាំងស៊ីប័រ និងបង្កភាពតានតឹងនៅលើប្រព័ន្ធឌីជីថល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត