
រាជធានីភ្នំពេញ៖ កាលពី២ថ្ងៃមុន សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារភ្ជាប់ដោយរូបភាពសម្តេច ជាមួយកញ្ញា កឹម មនោវិទ្យា កូនស្រីអតីតមេបក្សប្រឆាំងដ៏ធំនៅកម្ពុជា បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកតាមដានស្ថានការនយោបាយក្នុងប្រទេសកម្ពុជា និងអ្នកនយោបាយប្រឆាំងក្រៅប្រទេស ខណៈនៅរសៀលថ្ងៃអាទិត្យទី១៦សីហានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានបង្ហោះរូបភាព៦សន្លឹក បង្ហាញពីជំនួបរវាងសម្តេច និងក្រុមគ្រួសារលោក កឹម សុខា នៅឯភូមិគ្រឹះរបស់សម្តេចផ្ទាល់ផងដែរ...។

រូបភាព៦សន្លឹក ភ្ជាប់ដោយសំណេរភាសាខ្មែរ ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុក សម្តេចប្រធានព្រឹទ្ធសភា ដោយបានកត់សម្គាល់យ៉ាងដូច្នេះថា៖«ប៉ុន្មានសប្តាហ៍មុន ឯកឧត្តមកឹម សុខា បានមកជួបខ្ញុំនៅផ្ទះ មុនពេលគាត់ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។ ថ្ងៃនេះ រួមជាមួយលោកជំទាវ និងកូនស្រីឯកឧត្តម កឹម សុខា មកសួរសុខទុក្ខខ្ញុំម្ដងទៀត ដែលយើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយក្មួយស្រីគឹម មនោវិទ្យា ដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។» សារខ្លីរបស់សម្តេចតេជោ បានបង្កប់អត្ថន័យនយោបាយស៊ីជម្រៅ ដែលមានទស្សនវិជ្ជមានលើការផ្សះផ្សារជាតិ ខណៈអ្នកនយោបាយជើងចាស់ទាំងពីរ អាចនឹងជួបពិភាក្សាគ្នាលើបញ្ហារឿងជាតិ ដែលកំពុងទទួលរងការធ្វើទុក្ខទោម្នេញពីសំណាក់យោធាថៃឈ្លានពាន និងបញ្ហានយោបាយមួយចំនួន បន្ទាប់ពីជំនួបបែបលក្ខណៈគ្រួសារធម្មតា។

ដ្បិតថា មិនទាន់មានការទម្លាយខ្លឹមសារស៊ីជម្រៅក្នុងជំនួបដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ថ្នាក់ដឹកនាំនយោបាយជើងចាស់ទាំងពីរ ដែលមើលទៅហាក់ដូចជាជំនួបជួបសម្តែងការគួរធម្មតាៗ ប៉ុន្តែសម្រាប់ភាសានយោបាយ កម្រងរូបភាព៦សន្លឹកដែលសម្តេចតេជោ បង្ហោះជាសាធារណៈនេះ មិនធម្មតាដូចអ្វីដែលយើងគិតនោះទេ។ ជាទូទៅ រូបភាពនៃជំនួបឥស្សរជននយោបាយកំពូលៗរបស់ប្រទេស ដែលត្រូវបានបង្ហាញជូនដល់សាធារណជន គឺសុទ្ធតែជាភាសាទស្សនវិជ្ជានយោបាយទាំងអស់ គ្រាន់តែភាសារូបភាពទាំងនោះ មានតែអ្នកសិក្សាអំពីមេរៀននយោបាយ ឬអ្នកនយោបាយខ្លួនឯងផ្ទាល់ ដែលអាចឈ្វេងយល់ ឬដឹងពីអត្ថន័យពិតនៃភាសារូបភាព។ សម្រាប់មនុស្សទូទៅមើលឃើញត្រឹមតែជាការចាប់ដៃរលាក់ និងការញញឹមស្វាគមន៍របស់មេដឹកនាំប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នេះគឺជាសារនយោបាយដ៏វិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា ហើយក៏អាចជាសាររបស់អ្នកនយោបាយជើងចាស់ ចង់បង្ហាញទៅអ្នកបន្តវេណជំនាន់ក្រោយផងដែរ អំពីភាពផ្ទុយគ្នាន័យគំនិតដឹកនាំប្រទេស ប៉ុន្តែចុងក្រោយ ពួកគាត់[អ្នកនយោបាយ]នៅតែអាចធ្វើការជាមួយគ្នាបានដដែល ដើម្បីតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ..៕





