
ក្រុងព្រះវិហារ៖ ឈើធ្នង់ និងឈើសុក្រំមូល ប្រមាណជាង២៤០ដុំ ត្រូវបានអាជ្ញាធរដកហូតក្នុងប្រតិបត្តិការបង្រ្កាបករណីសន្និធិឈើខុសច្បាប់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៥សីហា...។

ប្រតិបត្តិការបង្រ្កាបករណីសន្និធិឈើខុសច្បាប់នេះ ធ្វើឡើងនៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានកិច្ចសហការពីមន្ត្រីឧទ្យានុរក្ស ជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកត្បែងមានជ័យ និងអាជ្ញាធរមូលដ្ឋាន ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីព្រះរាជអជ្ញាអមសាលាដំបូងខេត្ត។ បើតាមក្រសួងបរិស្ថាន ក្រោយការបង្រ្កាប អាជ្ញាធរជំនាញបានដកហូតឈើ ប្រភេទធ្នង់ (កូនក្រឡឹង) សរុបចំនួន២៣០ដុំ ស្មើនឹង៤២៦៦ម៉ែត្រត្រីគុណ (បួនម៉ែត្រត្រីគុណ ពីររយហុកសិបប្រាំមួយ) និងឈើសុក្រំមូល ប្រវែង២ម៉ែត្រ មុខកាត់២០សម ចំនួន១៣ដុំ ស្មើនឹង១០៤០ម៉ែត្រត្រីគុណ (មួយម៉ែត្រត្រីគុណ សូន្យសែសិប)។

ជាមួយគ្នាផងដែរ អាជ្ញាធរសមត្ថកិច្ចជំនាញ បានរកឃើញកន្លែងសន្និធិឈើ មួយកន្លែងទៀត ដែលមានចម្ងាយ១០០ម៉ែត្រ ពីទីតាំងទី១ ហើយបានដកហូតឈើ ប្រភេទឈើច្រម៉ាសមូល ប្រវែង២ម៉ែត្រចំនួន៦០ដុំ ស្មើនឹង១៦០២ម៉ែត្រត្រីគុណ (មួយម៉ែត្រត្រីគុណ ប្រាំមួយរយពីរ)។ បច្ចុប្បន្ន វត្ថុតាងត្រូវបាននាំទៅរក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីបន្តការស្រាវជ្រាវ ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារបន្តនីតិវិធីច្បាប់៕






