ធ្លាប់ជាប់គុក៤ឆ្នាំពាក់ព័ន្ធគ្រឿងញៀនម្ដងហើយ ពេលនេះសមត្ថកិច្ចបញ្ជូនទៅតុលាការម្ដងទៀត លើករណីដដែល
S
Sreyleak Yith
5 ម៉ោងមុន

ក្រុងសិរីសោភ័ណ៖ បុរសឈ្មោះ គង់ មករា វ័យ៤០ឆ្នាំប្លាយ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ធ្លាប់ជាប់ពន្ធនាគារ៤ឆ្នាំម្ដងហើយ តែពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅតុលាការម្ដងទៀត កាលពីថ្ងៃទី១៥សីហាម្សិលមិញ ក្រោយសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប និងដកហូតគ្រឿងញៀនបានជាច្រើនកញ្ចប់...។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានទិញ និងរក្សាទុកគ្រឿងញៀនទាំងនោះ សម្រាប់ចាត់ចែង លក់ និងប្រើប្រាស់ខ្លួនឯង។ លើសពីនេះ ជនជាប់ចោទបានទទួលស្គាល់ថា ខ្លួនជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ម្ដងរួចមកហើយពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះដូចគ្នា។ ចំពោះវត្ថុតាងដែលមន្រ្តីជំនាញដកហូតបាន មានដូចជា ប្រភេទម៉ាសទឹកកក(ICE) ទម្ងន់២៧,១០ក្រាម ប្រភេទថ្នាំគ្រាប់ (WY) ទម្ងន់១៣,៧៩ក្រាម, ប្រភេទកេតាមីន(Ketamine)ចំនួន៣៨,៦០ក្រាម, និងសម្ភារផ្សេងទៀតរួមមាន៖ រថយន្តមួយគ្រឿង ទូរសព្ទដៃ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ជាមួយគ្នា លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនជាប់ចោទ ទៅកាន់សាលាដំបូង ខេត្តចាត់ការតាម ផ្លូវច្បាប់។ គួរជ្រាបថា ប្រតិបត្តិការចាប់មុខសញ្ញាចាស់នេះ ធ្វើឡើងកាលពីវេលាម៉ោង២៣:០០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងកើតសួនតេជោឈ្នះឈ្នះ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សុខ ឡេង និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ៕
រាយការណ៍ដោយ៖ លោក ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត