សមត្ថកិច្ចខេត្តក្រចេះ តាមចាប់ក្របួចក្រុមក្មេងទំនើង ដែលព្រួតគ្នាវាយគេទាំងដែលមិនស្គាល់គ្នាសោះ ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមថែមទៀត
Mao Sopha
2 ម៉ោងមុន

ខេត្តក្រចេះ៖ កម្លាំងនគរបាលខេត្តក្រចេះ បានស្រាវជ្រាវ រហូតចាប់បានក្រុមក្មេងទំនើង៦នាក់ ក្នុងចំណោមបក្ខពួក១១នាក់ ពាក់ព័ន្ធករណីប្រើហិង្សាលើបុរស២នាក់ នៅលើស្ពានឆ្លងទន្លេមេគង្គ ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពួកគេ ប្រព្រឹត្តអំពើហិង្សានេះ កាលពីយប់ថ្ងៃទី៧ ខែសីហា ហើយត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែសីហា។

សមត្ថកិច្ច បញ្ជាក់ថា ក្រុមក្មេងទំនើងទាំង១១នាក់នោះ ជិះម៉ូតូ៤គ្រឿង ទៅដល់ចំណុចកើតហេតុ ហើយបានឃើញបុរស២នាក់ កំពុងអង្គុយលេង។ ក្រុមក្មេងទំនើង មិនដែលស្គាល់បុរសទាំង២នាក់នោះទេ។ ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើបុរសទាំង២នាក់ បណ្តាលឱ្យរងរបួសស្រាល និងបានថតវីដេអូអំពីសកម្មភាពនេះ យកទៅបង្ហោះលើបណ្តាញសង្គមថែមទៀត។

ក្រុមក្មេងទំនើងទាំងនេះ ទើបមានអាយុចន្លោះពី១៥ឆ្នាំ ទៅ១៩ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្វែងរកមុខសញ្ញាដែលនៅសេសសល់ និងកំពុងរត់គេចខ្លួន។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ អំពាវនាវដល់យុវជន និងក្មេងៗទាំងអស់ ឱ្យចៀសវាងប្រព្រឹត្តអំពើហិង្សា និងធ្វើសកម្មភាពបែបក្មេងទំនើង ហើយត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីក្លាយជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម៕

រាយការណ៍ដោយលោក សារី ណែត ភ្នាក់ងារអង្គភាព SBM News ប្រចាំខេត្តក្រចេះ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត