អាជ្ញាធរថៃ បង្ក្រាបយុវជនមួយចំនួនប្រើប្រាស់គ្រឿងញៀននៅខេត្តស្រះកែវ
S
Sinuon Nop
6 ម៉ោងមុន

ខេត្តស្រះកែវ៖ ប៉ូលិស និងទាហានថៃ បានឆ្មក់បង្ក្រាបផ្ទះមួយកន្លែង ស្ថិតក្នុងខេត្តស្រះកែវ ក្រោយបានទទួលសេចក្ដីរាយការណ៍មួយ អំពីយុវជនមួយក្រុម កំពុងតែជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់អ្នកជាប់ពាក់ព័ន្ធចំនួន១០នាក់ ក្នុងនោះ មានជនជាតិថៃចំនួន៤នាក់ និងខ្មែរចំនួន៦នាក់។ នេះបើតាមសារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod (ខាវសត) បានចេញផ្សាយ កាលពីល្ងាច ថ្ងៃទី១៤ ខែសីហា។ 

សកម្មភាពរបស់ប៉ូលិស និងទាហានថៃ ចុះបង្ក្រាបជនជាតិថៃ-ខ្មែរ កំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន
សកម្មភាពរបស់ប៉ូលិស និងទាហានថៃ ចុះបង្ក្រាបជនជាតិថៃ-ខ្មែរ កំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន

កាសែតដដែលនេះ បានរាយការណ៍បន្ដថា ការឆ្មក់បង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើង នៅក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងឃុំខ្លងណាំសៃ (Khlong Nam Sai) ស្រុកអារញ្ញប្រាថេត (Aranyaprathet) ដោយកងកម្លាំងជាច្រើននាក់ មកពីអង្គភាពប៉ូលិសស៊ើបអង្កេតខេត្តស្រះកែវ ប្រទេសថៃ ប៉ូលិសប៉ុស្ដិ៍ខ្លងណាមសៃ និងកម្លាំងទាហាន។

អាជ្ញាធរខេត្តស្រះកែវ បានឱ្យដឹង ថា សមត្ថកិច្ចបានរកឃើញសារធាតុញៀន ប្រភេទ Ketamine (កេតាមីន) ដែលជាសារធាតុចិត្តសាស្ត្រ ប្រភេទទី២ ដោយមានជាកញ្ចប់តូចៗ ចំនួន១២៣កញ្ចប់ ស្មើនឹងទម្ងន់ជាង២៦ក្រាម។ ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតជញ្ជីងថ្លឹងអេឡិកត្រូនិកចំនួន២ផងដែរ។ ថ្នាំញៀនកេតាមីនមួយចំនួន ដែលត្រូវដកហូតនោះ ត្រូវគេដាក់នៅលើថាស។ សកម្មភាពនេះ មន្ត្រីជំនាញ បានវាយតម្លៃ ថា នេះជាការរៀបចំទុក សម្រាប់ការចែកចាយ ឬប្រើប្រាស់ នៅក្នុងពិធីជួបជុំគ្នា។

ជនសង្ស័យទាំងនេះ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា អាស្រ័យទៅលើភស្តុតាង ប្រឆាំងនឹងបុគ្គលម្នាក់ៗ រួមទាំងបទល្មើសកាន់កាប់គ្រឿងញៀនប្រភេទកេតាមីនដោយខុសច្បាប់ និងការប្រើប្រាស់គ្រឿញៀន មេតំហ្វេតាមីន (ឬថ្នាំញៀនប្រភេទទឹកកក)។ ដោយឡែក ជនសង្ស័យជាជនជាតិខ្មែរ ក៏អាចប្រឈមនឹងការចោទប្រកាន់ ក្រោមច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃផងដែរ។

ប៉ូលិសខេត្តស្រះកែវ បានបញ្ជាក់ថា ការចោទប្រកាន់ទៅលើជនសង័្សយ គឺអាស្រ័យទៅលើភស្តុតាង និងលទ្ធផល នៃការស៊ើបអង្កេតបន្តរបស់មន្ត្រីជំនាញថៃ។ ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងដែលដកហូតបាន ត្រូវប្រគល់ជូនមន្ត្រីស៊ើបអង្កេត នៅប៉ុស្តិ៍នគរបាលខ្លងណាំសៃ ដើម្បីបន្ដតាមនីតិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត