
អត្ថបទដោយ៖ ស៊ីថេត និង សុផា
រាជធានីភ្នំពេញ៖ លោកស្រី ខាទ្រីណា ឃូភើ (Katrina Cooper) ជនជាតិអូស្រ្តាលី ត្រូវបានតុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ប្រទេសហូឡង់ តែងតាំងជាប្រធានគណៈកម្មការដឹកនាំការដោះស្រាយជម្លោះតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្ទកម្ពុជា-ថៃ ដែលមានទំហំប្រមាណ២,៦ម៉ឺនគីឡូម៉ែត្រការ៉េ សម្បូរដោយធនធានប្រេងកាត និងឧស្ម័នធម្មជាតិតម្លៃរាប់ពាន់លានដុល្លារ ដែលភាគីទាំង២ មិនទាន់អាចបែងចែកដាច់ស្រឡះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ តើលោកស្រី ជានរណា មានជំនាញខាងអ្វី មានប្រវត្តិការងារដូចម្តេច និងមានបទពិសោធកម្រិតណា..?

លោកស្រី ខាទ្រីណា ឃូភើ គឺជាអ្នកចរចា ជាអ្នកជំនាញខាងច្បាប់អន្តរជាតិជាន់ខ្ពស់ ហើយក៏ជាមន្រ្តីចាស់វស្សាមួយរូបរបស់ប្រទេសអូស្ត្រាលី។ លោកស្រី មានបទពិសោធជាច្រើនក្នុងការសម្របសម្រួល និងការដោះស្រាយជម្លោះអន្តរជាតិ។ ជាក់ស្តែង លោកស្រីបានចូលរួមដោះស្រាយជម្លោះព្រំដែនសមុទ្ទរវាងអូស្ត្រាលី-ទីម័រខាងកើត ខណៈប្រទេសទាំង២ មានជម្លោះជាប្រវត្តិសាស្ត្រ និងការខ្វែងគំនិតគ្នាជាយូរណាស់មកហើយ ជុំវិញការខណ្ឌចែកព្រំដែនសមុទ្ទ ការបែងចែកផលប្រយោជន៍ប្រេង និងឧស្ម័នធម្មជាតិនៅតំបន់តំបន់ Greater Sunrise។ លោកស្រី បានដើរតួយ៉ាងសំខាន់ក្នុងការដឹកដៃអូស្ត្រាលីជាប្រទេសរបស់លោកស្រី និងទីម័រខាងកើត ឆ្ពោះទៅរកកិច្ចចរចា និងផ្សះផ្សា ក្រោមចំណងនៃ«សន្ធិសញ្ញាព្រំដែនសមុទ្ទឆ្នាំ២០១៨»។ បច្ចុប្បន្ន លោកស្រីក៏ជាបេសកជនពិសេសរបស់អូស្ត្រាលី ក្នុងការចរចាបន្តលើគម្រោងអភិវឌ្ឍន៍ឧស្ម័ននៅតំបន់ Greater Sunrise ជាមួយទីម័រខាងកើត។

ក្រៅពីនេះ លោកស្រី បានដឹកនាំគណៈប្រតិភូអូស្ត្រាលី ចូលរួមប្រជុំពិគ្រោះយោបល់នៃសន្ធិសញ្ញាអង់តាក់ទិក ក្នុងការដោះស្រាយជម្លោះ និងការបែងចែកដែនដីនៅតំបន់អង់តាក់ទិករវាងបណ្តាប្រទេសមហាអំណាច និងភាគីពាក់ព័ន្ធ។ ជាងនេះទៅទៀត ក្នុងអំឡុងពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ស្រ្តីឆ្នើម និងល្បីឈ្មោះលើឆាកអន្តរជាតិរូបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ដើម្បីផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន។ អ៊ុយក្រែនពេលនេះ នៅតែបន្តទប់ទល់ជាមួយរុស្ស៊ីជាមហាអំណាច។

មិនទាន់អស់ទេ! លោកស្រី បានទទួលបន្ទុកសម្រុះសម្រួល និងដោះស្រាយភាពតានតឹងនយោបាយភ្លាមៗ រវាងរដ្ឋាភិបាលអូស្ត្រាលី ជាមួយអាម៉េរិកក្នុងជំនាន់អាណត្តិទី១របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើបញ្ហាពន្ធគយ។ នៅមានបទពិសោធសំខាន់ផ្សេងទៀត! លោកស្រី បានសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិសុខរបស់អូស្ត្រាលី ទៅកាន់ប្រទេសកោះសូឡូម៉ូន ក្នុងការរៀបចំយុទ្ធសាស្ត្រដោះស្រាយវិបត្តិអស្ថិរភាពនយោបាយ និងកុបកម្មនៅប្រទេសជាកោះស្ថិតក្នុងមហាសមុទ្ទប៉ាស៊ីហ្វិកមួយនេះ។

ក្រោយទទួលបានព័ត៌មានអំពីការតែងតាំងលោកស្រី ខាទ្រីណា ឃូភើ ជាប្រធានគណៈកម្មការសម្របសម្រួលរឿងក្តីសមុទ្ទកម្ពុជា-ថៃជាប្រវត្តិសាស្រ្តនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ភ្លាមៗ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានទាំងយប់ ដើម្បីបង្ហាញការស្វាយគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុទ្ធតែបានចែករំលែកដំណឹងដ៏សំខាន់នេះលើបណ្តាញសង្គម ដោយភ្ជាប់ជាមួយសារខ្លីអំពីការស្វាគមន៍លោកស្រី។

តាមរយៈក្រសួងការបរទេស កម្ពុជាប្រកាសថ្លែងអំណរគុណដល់លោកស្រី ដែលយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ។ កម្ពុជា ចាត់ទុកការតែងតាំងលោកស្រី ថាជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ កម្ពុជា ជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់ឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្ទ និងជាឱកាសក្នុងការអភិវឌ្ឍធនធានធម្មជាតិដ៏ច្រើនក្នុងតំបន់ដែនសមុទ្ទត្រួតស៊ីគ្នានេះ។

ចំណែកលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ក៏បានបង្ហោះសារផ្ទាល់ខ្លួនលើបណ្តាញសង្គមដែរ ដើម្បីបង្ហាញការយល់ឃើញទៅលើការតែងតាំងលោកស្រី ខាទ្រីណា ឃូភើ។ លោកប្រមុខការទូតកម្ពុជា ចាត់ទុកការតែងតាំងលោកស្រី ថាជាការបំពេញកិច្ចការរួចរាល់ សម្រាប់ការបង្កើតគណៈកម្មការផ្សះផ្សា និងបានកំណត់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យគណៈកម្មាការនេះ ចាប់ផ្តើមដំណើរការងាររបស់ខ្លួន។ លោក សង្កត់ធ្ងន់នៅឃ្លាចុងក្រោយយ៉ាងដូច្នេះថា៖«កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្ទដោយសន្តិវិធី ហើយនឹងបន្តផ្តល់ទំនុកចិត្តលើដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ទ (UNCLOS)»។

គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOS នេះ មានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួន៥រូប។ កម្ពុជាបានតែងតាំងជនបរទេស២នាក់ ជាអ្នកជំនាញច្បាប់ គឺលោក ភេធើ ថាក់ស៊ូ-ជេនសិន (Peter Taksøe-Jensen) និងលោក ហ្សង់-ម៉ាក់ ធូវីណាំង (Jean-Marc Thouvenin)។ ថៃជ្រើសរើសជនបរទេស២នាក់ដូចគ្នា ដែលជាអ្នកជំនាញខាងច្បាប់ គឺលោក រូឌីហ្គើ វ៉ុលហ្វ្រុម (Rudiger Wolfrum) និងលោក អាល់ប៊ឺត ហូហ្វម៉ាន់ (Albert Hoffmann)។ ចំណែកម្នាក់ទៀត គឺលោកស្រី ខាទ្រីណា ឃូភើ ដែលទើបនឹងត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សានេះឯង៕



