
អឺរ៉ុបខាងកើត៖ បក្សសម្ព័ន្ធយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បានឈានដល់កម្រិតអាសន្នដ៏គ្រោះថ្នាក់ថ្មីមួយទៀត ក្រោយរបបព្យុងយ៉ាងលូកដៃផ្ទាល់ក្នុងការពង្រីកភ្លើងសង្គ្រាមឆ្លងដែនដល់អឺរ៉ុបខាងកើត! យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ពីរដ្ឋធានីកៀវ កាលពីថ្ងៃទី៥ ខែសីហា អង្គភាពមីស៊ីលពិសេសរបស់កូរ៉េខាងជើង បានចាប់ផ្តើមពង្រាយទ័ពនៅលើទឹកដីភាគខាងលិចរុស្ស៊ី ដោយផ្ទាល់ ជាមួយនឹងគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់រួមមាន៖ មីស៊ីលបាលីស្ទីកចំនួន១២០គ្រាប់ និងបំពង់បាញ់មីស៊ីលចល័តចំនួន៦គ្រឿង ដើម្បីរៀបចំការវាយប្រហារឱ្យធ្ងន់ដៃបន្ថែមទៀត ទៅលើដែនដីអ៊ុយក្រែន។

មន្ត្រីស៊ើបការណ៍យោធាអ៊ុយក្រែន លោក អាន់ឌ្រី ឆឺនាក់ (Andrii Cherniak) បានទម្លាយថា កងកម្លាំងកូរ៉េខាងជើងប្រហែល៩០នាក់ ត្រូវបានចាត់បញ្ជូនឱ្យទៅបង្កប់ខ្លួនក្នុងតំបន់វ៉ូរ៉ូណេសហ៍ (Voronezh) ស្ថិតក្រោមបញ្ជាការសកម្មភាពរបស់កងកម្លាំងវាយប្រហារមីស៊ីលទី១១២របស់រុស្ស៊ី។ នេះគឺជាភស្តុតាងស្តែងៗថា កូរ៉េខាងជើងមិនត្រឹមតែជាឃ្លាំងអាវុធ និងយោធាគាំទ្រលោក ពូទីន ប៉ុណ្ណោះទេ ប៉ុន្តែរបបព្យុងយ៉ាងបានក្លាយជាតួងអង្គដ៏សំខាន់នៅលើសមរភូមិអ៊ុយក្រែនផ្ទាល់តែម្ដង។ ទន្ទឹមគ្នា លោក រ៉ូប លី (Rob Lee) អ្នកវិភាគយុទ្ធសាស្ត្រយោធាជាន់ខ្ពស់ បានសង្កត់ធ្ងន់ថា៖«ប្រព័ន្ធការពារមីស៊ីលបាលីស្ទីក គឺជាចំណុចខ្សោយបំផុត និងជាមុខរបួសដ៏ឈឺចាប់របស់អ៊ុយក្រែន! រាល់ការកើនឡើងនៃមីស៊ីលបាលីស្ទីកពីខាងក្រៅ គឺជាការគំរាមកំហែងដល់អត្ថិភាពរបស់អ៊ុយក្រែន»។

សូមជម្រាបថា សំឡេងស៊ីរ៉ែននៃសញ្ញាអាសន្នបានបន្លឺស្នូរឡើងជាថ្មី បន្ទាប់ពីមីស៊ីលបាលីស្ទីកកូរ៉េខាងជើង ធ្លាក់កម្ទេចផ្ទះសម្បែងប្រជាជន និងផ្តាច់ជីវិតគ្រួសារអ៊ុយក្រែននៅក្នុងភូមិរ៉ាឌូស្នេ (Radushne) កាលពីសប្តាហ៍មុន។ តាមការវិភាគផ្លូវការ មីស៊ីល KN-23 និង KN-24 របស់កូរ៉េខាងជើង មានទំហំធំជាង និងបាញ់បានឆ្ងាយជាងមីស៊ីល Iskander របស់រុស្ស៊ីទៅទៀត ប៉ុន្តែមានកម្រិតសុក្រឹតភាពចំគោលដៅទាប និងមានភាពកាចសាហាវបំផុត ដែលជារឿយៗវាវាយប្រហារខុសគោលដៅយោធា ហើយធ្លាក់ចំតំបន់ស៊ីវិល បណ្ដាលឱ្យមានបាត់បង់ជីវិតយ៉ាងរង្គាល។ យ៉ាងណា កញ្ចប់អាវុធប្រហារថ្មី រដ្ឋធានីព្យុងយ៉ាងបានបញ្ជូនមីស៊ីល KN-23/24 ជំនាន់ថ្មីចំនួន៤០គ្រាប់បន្ថែមទៀតទៅឱ្យរុស្ស៊ី រួមជាមួយអ្នកជំនាញបច្ចេកទេសផងដែរ។ ចាប់តាំងពីចុងឆ្នាំ២០២៣ មក កូរ៉េខាងជើង បានបញ្ចូលមីស៊ីលបាលីស្ទីកជាង១៥០គ្រាប់ ឱ្យទៅរុស្ស៊ីរួចស្រេចទៅហើយ។

បច្ចុប្បន្ន មានទាហានកូរ៉េខាងជើងជិត១០០០០នាក់ កំពុងឈរជើងក្នុងតំបន់ឃឺស (Kursk) ខណៈប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានព្រមានថា វិមានក្រឹមឡាំង កំពុងរៀបចំផែនការនាំយកកម្លាំងទ័ពកូរ៉េខាងជើងរហូតដល់៣០០០០នាក់បន្ថែមទៀត ដើម្បីយកមកធ្វើជាចំណាប់ខ្មាំងសង្គ្រាម។ អ៊ុយក្រែនកំពុងប្រឈមមុខនឹងរដូវរងាដ៏ខ្មៅងងឹត ដោយសាររុស្ស៊ីមានបំណងប្រើប្រាស់មីស៊ីលបាលីស្ទីកសាហាវៗទាំងនេះ ដើម្បីកម្ទេចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអគ្គិសនីរបស់អ៊ុយក្រែនឱ្យម៉ដ្ឋ ខណៈខែលការពារអាកាស Patriot របស់លោកខាងលិច នៅមានចំនួនកំណត់៕





