
រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានអះអាងថា កងទ័ពកូរ៉េខាងជើងរហូតដល់ទៅ៥ម៉ឺននាក់បន្ថែមទៀត នឹងត្រូវប្រមូលផ្តុំ និងបញ្ជូនទៅដាក់ពង្រាយនៅលើទឹកដីរុស្ស៊ី ដើម្បីជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន។ លោក ហ្សេឡេនស្គី ទទូចសុំការគាំទ្រប្រព័ន្ធការពារដែនអាកាសពីប្រទេសកូរ៉េខាងត្បូង...។

លោក ហ្សេឡេនស្គី បានប្រកាសនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី៩ ខែសីហា ថា៖«ការសម្រេចចិត្តរបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងរួចរាល់ហើយ ក្នុងការបញ្ជូនកងទ័ពចាប់ពី៣ម៉ឺនទៅ ៥ម៉ឺននាក់ ទៅកាន់ដែនដីនៃសហព័ន្ធរុស្ស៊ី»។ យ៉ាងណា លោកមិនបានទម្លាយលម្អិតអំពីប្រភពព័ត៌មានសម្ងាត់នេះឡើយ។ លោកបានគូសបញ្ជាក់ថា រដ្ឋធានីកៀវបានរកឃើញសំណល់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនៅលើទឹកដីអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់អំពីទីតាំងជាក់ស្តែងនោះទេ។ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា៖«វាច្បាស់ណាស់ថា កូរ៉េខាងជើងនឹងបន្តក្រសោបយកបទពិសោធសង្គ្រាមទំនើប ទទួលបច្ចេកវិទ្យា និងអាជ្ញាបណ្ណផលិតសព្វាវុធ ព្រមទាំងទទួលបានឧបករណ៍យោធាគ្រប់ប្រភេទពីពីរុស្ស៊ី»។ ដើម្បីទប់ទល់នឹងរលកនៃការគាំទ្ររបស់កូរ៉ខាងជើងលើរុស្ស៊ី លោក ហ្សេឡេនស្គី បានលើកឡើងថា អ៊ុយក្រែនចង់បានការគាំទ្រពីកូរ៉េខាងត្បូង លើវិស័យដែលខ្លួនកំពុងខ្វះខាតយ៉ាងធ្ងន់ធ្ងរ គឺប្រព័ន្ធការពារអាកាស។ លោកបានបន្ថែមថា៖«យើងត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការលើកិច្ចព្រមព្រៀងដ្រូន និងវិស័យផ្សេងៗទៀត»។

គួររំលឹកថា ប្រធានាធិបតីរុស្ស៊ី បុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់រដ្ឋធានីព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំ២០២៤។ កិច្ចព្រមព្រៀងនោះ រួមបញ្ចូលទាំងការគាំទ្រយោធាទៅវិញទៅមក ប្រសិនបើភាគីណាមួយរងការឈ្លានពានពីខាងក្រៅ។ រហូតមកដល់ពេលនេះ កូរ៉េខាងជើងត្រូវគេប៉ាន់ប្រមាណថា បានបញ្ជូនកងទ័ពប្រមាណ១៤០០០នាក់ទៅកាន់តំបន់ឃឺស (Kursk) កាលពីឆ្នាំ២០២៤ ដើម្បីជួយរដ្ឋធានីម៉ូស្គូវាយប្រហារលើកងទ័ពអ៊ុយក្រែន។ នាដើមខែសីហា ឆ្នាំ២០២៦ថ្មីៗនេះ មន្ត្រីស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អង្គភាពមីស៊ីលកូរ៉េខាងជើងបានចាប់ផ្តើមពង្រាយកម្លាំងនៅភាគខាងលិចប្រទេសរុស្ស៊ី ហើយអាចនឹងត្រូវបំពាក់ដោយគ្រាប់មីស៊ីលបាលីស្ទីក (Ballistic Missiles) ចំនួន១២០គ្រាប់ និងបំពង់បាញ់ចំនួន៦គ្រឿង ដើម្បីបើកការវាយប្រហារលើអ៊ុយក្រែនឱ្យកាន់តែខ្លាំង។

បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតខែលការពារដែនអាកាសកម្រិតខ្ពស់យ៉ាងធ្ងន់ធ្ងរ ខណៈរុស្ស៊ីបន្តបាញ់ស្រោចគ្រាប់មីស៊ីលបាលីស្ទីកកាន់តែច្រើន ទន្ទឹមនឹងកូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់រាប់លានគ្រាប់ គ្រាប់មីស៊ីលបាលីស្ទីក កាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យរដ្ឋធានីមូស្គូ៕




