ក្រោយបាក់មុខផ្ទួនៗ នាយករដ្ឋមន្ត្រីថៃកោះប្រជុំបន្ទាន់ ជុំវិញរឿងអាស្រូវគ្រឿងញៀនដែលអាជ្ញាធរបរទេសចាប់បានជាបន្តបន្ទាប់
N
Nary Vann
16 ម៉ោងមុន

រាជធានីបាងកក៖ ក្រោយអន្តរជាតិចាប់អារម្មណ៍ខ្លាំងលើបទល្មើសស្កេមអនឡាញ និងចុងក្រោយរឿងអាស្រូវគ្រឿងញៀនឆ្លងដែនរបស់ប្រទេសថៃ ពេលនេះ នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បានចេញបញ្ជាក្ដៅទាំងដែលខ្លួនកំពុងនៅប្រទេសបារាំង ដោយបង្ខំឱ្យកោះហៅប្រមុខទីភ្នាក់ងារប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសយានដ្ឋានថៃ ចូលរួមប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃទី៣ ខែកក្កដាស្អែកនេះ។

លោក អានុទីន ឆានវីរគុល
លោក អានុទីន ឆានវីរគុល

ចំណាត់ការដ៏តក់ក្រហល់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរអូស្ត្រាលី បើកប្រតិបត្តិការបង្ក្រាប និងចាប់បានគ្រឿងញៀនជាបន្តបន្ទាប់ ដែលមានប្រភពចេញពីប្រទេសថៃ។ ករណីទី១ គឺការចាប់ខ្លួននារីជាបុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways វ័យ២៦ឆ្នាំម្នាក់ នៅព្រលានយន្តហោះមែលប៊ន កាលពីថ្ងៃទី២៥មិថុនា ជាមួយថ្នាំញៀនហេរ៉ូអ៊ីនជាង១គីឡូក្រាម លាក់ក្នុងបាតកាបូប។ មិនទាន់ដោះស្រាយរឿងនេះ ស្រួលបួលផង ករណីទីពីរបានផ្ទុះឡើងទៀត នោះគឺប៉ូលិសអូស្ត្រាលីចាប់ខ្លួនស្ត្រីជនជាតិបារាំង វ័យ៣១ឆ្នាំម្នាក់ នៅព្រលានយន្តហោះភឺត (Perth) ដែលបានលួចលាក់នាំចូលគ្រឿងញៀនឆ្លងដែន ដែលធ្វើដំណើរហោះហើរផ្ទាល់ចេញពីប្រទេសថៃដូចគ្នា។

ប្រភពពីមន្ត្រីរាជរដ្ឋាភិបាល បានទម្លាយថា លោកនាយករដ្ឋមន្ត្រី អានុទីន បានសម្តែងការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ចំពោះភាពធូររលុងនៃប្រព័ន្ធត្រួតពិនិត្យសន្តិសុខ តាមព្រលានយន្តហោះអន្តរជាតិធំៗ បណ្តោយឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ធ្វើជាផ្លូវឆ្លងកាត់នៃការជួញដូរគ្រឿងញៀនបានយ៉ាងងាយ។ រឿងអាស្រូវផ្ទួនៗនេះ មិនត្រឹមតែធ្វើឱ្យថៃខូចមុខមាត់ប៉ុណ្ណោះទេ ប៉ុន្តែវាបាននិងកំពុងបំផ្លាញមហិច្ឆតារបស់រាជរដ្ឋាភិបាល ដែលចង់ជំរុញប្រទេសថៃឱ្យក្លាយជា«មជ្ឈមណ្ឌលអាកាសចរណ៍ប្រចាំតំបន់» និងផែនការចូលជាសមាជិកអង្គការ OECD ឱ្យបានត្រឹមឆ្នាំ២០២៨ ខាងមុខ នោះក៏ព្រោះតែបញ្ហាសន្តិសុខ និងអភិបាលកិច្ច ត្រូវបានអន្តរជាតិវាយតម្លៃទាប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត