មីយ៉ាន់ម៉ា ដុតកម្ទេចគ្រឿងញៀនជាង៥០តោន មានតម្លៃ៦០០លានដុល្លារ
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ នៅថ្ងៃសុក្រទី២៦ ខែមិថុនានេះ អាជ្ញាធររបបសឹកមីយ៉ាន់ម៉ា បានបើកយុទ្ធនាការដុតបំផ្លាញគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ រួមមាន ហេរ៉ូអ៊ីន អាភៀន សារធាតុខេតាមីន ម៉េតំហ្វេតាមីន កញ្ឆា និងម៉ាទឹកកក សរុបជាង៥០តោន ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅប្រមាណ៦០០លានដុល្លារអាម៉េរិក

យុទ្ធនាការដុតបំផ្លាញគ្រឿងញៀនទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងក្នុងក្រុងធំៗចំនួន៣ រួមមាន៖ ទីក្រុងយុាំងហ្គូន (Yangon ) ដែលមានគ្រឿងញៀន៣១ប្រភេទ ក្នុងតម្លៃ៣២១លានដុល្លារ, ទីក្រុងម៉ាន់ដាឡេ (Mandalay) និងទីក្រុងតោនជី (Taunggyi) ដើម្បីអបអរសាទរទិវាអន្តរជាតិប្រឆាំងការជួញដូរគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ។ កងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងយុាំងហ្គូន បានអះអាងថា តម្លៃថ្នាំញៀនដែលត្រូវបំផ្លាញក្នុងឆ្នាំនេះ មានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន។

អ្នកជំនាញអន្តរជាតិបានកត់សម្គាល់ថា វិបត្តិសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ បានក្លាយជាកាតាលីករជំរុញឱ្យសង្វាក់ផលិតកម្មគ្រឿងញៀននៅក្នុងប្រទេសនេះ ហក់ឡើងដល់កំពូល ដោយសារតែបញ្ហាសន្តិសុខ និងអស្ថិរភាពនយោបាយ។ តំបន់ផលិតគ្រឿងញៀនភាគច្រើន គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមកងទ័ពឈ្លបភាគតិច ដែលកំពុងវាយប្រយុទ្ធគ្នាជាមួយកងទ័ពរដ្ឋាភិបាលរបបសឹក។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមកងទ័ពឈ្លបភាគតិច ថាបានប្រើប្រាស់ចំណូលពីជំនួញខុសច្បាប់នេះ ដើម្បីទិញអាវុធគាំទ្រការបះបោរ និងបដិសេធមិនចូលរួមក្នុងដំណើរការសន្តិភាព។ ទោះជាយ៉ាងណា ក្រុមប្រដាប់អាវុធភាគតិចមួយចំនួន ដូចជាកងទ័ពរំដោះជាតិដាអាង (TNLA) ក៏បានចេញមុខបង្ហាញសកម្មភាពប្រឆាំងគ្រឿងញៀន ដោយបានប្រកាសដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ក្នុងតម្លៃប្រមាណ៥,៥លានដុល្លារផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត