
រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងកំណើននៃបទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានឡើងជាបន្តបន្ទាប់ សមត្ថកិច្ចផ្នែកឌីជីថល បានចេញសេចក្តីណែនាំ និងចែករំលែកវិធីសាស្ដ្រសំខាន់ៗចំនួន៣ ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបង្កើនការប្រុងប្រយ័ត្ន និងគេចផុតពីការចាញ់បោកក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានចែករំលែកតាមបណ្តាញសង្គមថា នាពេលបច្ចុប្បន្ននេះ ការទិញទំនិញអនឡាញផ្តល់ភាពងាយស្រួល ប៉ុន្តែត្រូវប្រុងប្រយ័ត្ន។ ប្រសិនបើបងប្អូនបានចាញ់បោកជនខិលខូច សូមអនុវត្តតាម៣ជំហានបន្ទាន់។ ទី១. រក្សាទុកនូវភស្តុតាងទាំងអស់៖ រូប Screenshot នៃសារសន្ទនា (Chat) លេខទូរសព្ទ និងតំណភ្ជាប់ (Link) Page របស់ជនសង្ស័យ វិក្កយបត្រផ្ទេរប្រាក់។ ទី២. ទាក់ទងធនាគារភ្លាមៗ៖ រាយការណ៍ទៅធនាគារដែលលោកអ្នកបានផ្ទេរប្រាក់ចេញ ដើម្បីស្នើសុំបង្កកប្រតិបត្តិការ។

ទី៣. ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច៖ ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន និងយកភស្តុតាងទាំងអស់ទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ជាមួយគ្នា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវ ដល់ពលរដ្ឋកុំជឿតម្លៃថោកហួសហេតុ កុំប្រញាប់ផ្ទេរប្រាក់តាមការលួងលោម ត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់មុនពេលបញ្ជាទិញ។ ត្រូវគិតមុនចុច ពិនិត្យមុនផ្ទេរ បើមិនចង់ចាញ់បោកគេ សូមពិនិត្យប្រភពឱ្យច្បាស់លាស់៕



