
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងចំនួន៣ និងឃាត់ខ្លួនមនុស្ស១៤៥នាក់ ជាប់សង្ស័យក្នុងអំពើឆបោកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក (Online Scam).....។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការចុះឆ្មក់បង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវ និងកំណត់មុខសញ្ញាសង្ស័យជាច្រើនថ្ងៃមក។ ជាលទ្ធផល ក្នុងប្រតិបត្តិការនៅទីតាំងទាំង៣កន្លែងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១៤៥នាក់ (ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនបរទេស) ព្រមទាំងបានដកហូតសម្ភារ និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនធំ រួមមានកំព្យូទ័រ ទូរសព្ទដៃ និងឧបករណ៍តភ្ជាប់បណ្តាញអ៊ីនធឺណិត ដែលប្រើប្រាស់សម្រាប់សកម្មភាពឆបោក។ វត្ថុតាងទាំងអស់ ត្រូវបានអាជ្ញាធរយកទៅរក្សាទុក ហើយជនសង្ស័យ ត្រូវបាននាំយកទៅសាកសួរ ដើម្បីស្រាវជ្រាវ និងវែកមុខសញ្ញាអ្នកពាក់ព័ន្ធផ្សេងទៀត៕








