
រដ្ឋធានីហាណូយ៖ ប៉ូលិសទីក្រុងព្រៃនគរ(ហូជីមិញ) កាលពីថ្ងៃសុក្រទី១៤ ខែសីហា បានឃាត់ខ្លួនមនុស្ស៣នាក់ នាំទៅសាកសួរ ពាក់ព័ន្ធនឹងការបង្ហោះខ្លែងបំពង់ បង្កការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងបង្ខំឱ្យអាកាសយានដ្ឋានអន្តរជាតិតាន់សឺនញ៉ាត (Tân Sơn Nhất) ផ្អាកការហោះហើរឡើង និងចុះចតជាបណ្តោះអាសន្នជាង២០ជើង។ នេះបើតាមសារព័ត៌មាន VN Express បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែសីហា។

បុរសទាំងបីនាក់នេះ រួមមាន៖ ១-លោក ថាន់ វ៉ាន់តាន់ (Thân Văn Tân) អាយុ៤២ឆ្នាំ, ២-លោក តុង វ៉ាន់ជិញ (Tôn Văn Chính) អាយុ៤៧ឆ្នាំ និងលោក ត្រាន់ វ៉ូ ហុងផាត (Trần Võ Hồng Phát) អាយុ២៦ឆ្នាំ។ ពួកគេបានបង្ហោះខ្លែងបំពង់ ចំនួន៣ ដែលមានបំពាក់ភ្លើងភ្លឹបភ្លែតៗ នៅទីតាំងវាលមួយកន្លែង ស្ថិតក្នុងតំបន់ឧស្សាហកម្មតាន់ប៊ិញ (Tân Bình) កាលពីល្ងាចថ្ងៃទី១៣ ខែសីហា។ លោក តាន់ បានប្រាប់ប៉ូលិស ថា គាត់ជាម្ចាស់ជាខ្លែងទាំង៣នេះ ហើយក្រុមនេះបានស្គាល់គ្នាតាមរយៈសហគមន៍ហ្វេសប៊ុក (Facebook Community) សម្រាប់អ្នកចូលចិត្តលេងខ្លែងបំពង់។

បើតាមប៉ូលិសទីក្រុងព្រៃនគរ(ហូជីមិញ) បានឱ្យដឹងថា នៅម៉ោងប្រហែល៧ៈ៤០នាទីយប់ថ្ងៃដដែលនោះ ផ្នែកប្រតិបត្តិការហោះហើរ បានរកឃើញវត្ថុ មិនស្គាល់អត្តសញ្ញាណមួយចំនួន ដែលដំបូងឡើយ ត្រូវគេសង្ស័យថា ជាដ្រូនហោះនៅជិតស្ពានថាំ លឿង (Tham Lương)។ លុះមកដល់វេលាម៉ោង៨យប់ វត្ថុទាំងនោះ បានត្រូវគេប្រទះឃើញ នៅសង្កាត់តៃថាញ់ (Tây Thạnh) ស្ថិតនៅចំផ្លូវហោះហើរចូលរបស់យន្តហោះ ដែលកំពុងតែត្រៀមចុះចត។

ក្រោមហេតុផលសុវត្ថិភាពចរាចរណ៍ផ្លូវអាកាសនោះ អាជ្ញាធរអាកាសយានដ្ឋានភាគខាងត្បូងរបស់វៀតណាម បានបញ្ជាឱ្យផ្អាករាល់ការហោះហើរឡើង និងចុះចត នៅអាកាសយានដ្ឋានតាន់សឺនញ៉ាត់ ជាបណ្តោះអាសន្ន។ យន្តហោះដែលត្រៀមចុះចត ត្រូវណែនាំឱ្យនៅបន្តហោះរង់ចាំ ខណៈជើងហោះហើរ នឹងត្រូវចេញដំណើរ ក៏ត្រូវផ្អាកនៅលើដី ជាបណ្តោះអាសន្នផងដែរ។ ប្រតិបត្តិការហោះហើរ បានបន្តឡើងវិញ នៅម៉ោង៨ៈ១៦នាទីយប់ថ្ងៃដដែល បន្ទាប់ពីអាជ្ញាធរវាយតម្លៃថា ស្ថានភាពមានសុវត្ថិភាព។ ការផ្អាករយៈពេល១៤នាទីនេះ បានបង្កឱ្យមានការរំខានជាបន្តបន្ទាប់ ដល់ការហោះហើរចំនួន២១ជើង។

ហេតុការណ៍នេះ បានជំរុញឱ្យអាជ្ញាធរស្វែងរកប្រភព នៃវត្ថុទាំងនោះ ដោយបានរកឃើញខ្លែងបំពង់មានភ្លើងភ្លឹបភ្លែតៗចំនួន៣ ដែលបង្ហោះចេញពីទីតាំងវាលមួយកន្លែង មានចម្ងាយប្រហែល២,៥គីឡូម៉ែត្រពីអាកាសយានដ្ឋាន។ នៅពេលខ្លះ ខ្លែងទាំងនោះ បានហោះឡើងរហូតដល់កម្ពស់ប្រហែល៤០០ម៉ែត្រ ដោយចូលទៅក្នុងដែនអាកាស ដែលកំណត់ សម្រាប់យន្តហោះកំពុងតែហោះហើរចូល ដើម្បីចុះចត។ ក្រោយស្រាវជ្រាវ និងរកឃើញហើយ ប៉ូលិសទីក្រុងព្រៃនគរ បានដកហូតខ្លែងទាំងបីនោះ និងបាននាំបុគ្គលទាំងបីនាក់ជាប់ពាក់ព័ន្ធ នាំទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីសាកសួរ និងកំណត់ ថា តើសមត្ថកិច្ចនឹងត្រូវចោទប្រកាន់ពួកគេ ពីបទល្មើសអ្វីមួយ?

អាកាសយានដ្ឋានដដែលនេះ បានផ្អាកការហោះហើរឡើង និងចុះចត បន្ទាប់ពីអ្នកបើកបរយន្តហោះ បានប្រទះឃើញដ្រូនហោះនៅកម្ពស់ចន្លោះពី៥៥០ ទៅ៩០០ម៉ែត្រ ស្ថិតក្នុងតំបន់ហោះហើរចូល។ ទន្ទឹមគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យសាធារណជន គោរពតាមបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរណ៍ និងចៀសវាងការបង្ហោះហើរខ្លែង ឬប៉េងប៉ោង ការបញ្ជាដ្រូន (UAV) ឬការលែងវត្ថុផ្សេងៗឱ្យហោះហើរ ដោយសេរី នៅក្នុងតំបន់ អាចប៉ះពាល់ដល់ប្រតិបត្តិការអាកាសចរណ៍ ដើម្បីបង្ការហានិភ័យដែលអាចបង្ក ជាឧបទ្ទវហេតុអាកាសចរណ៍ធ្ងន់ធ្ងរ។

សូមរម្លឹកថា សកម្មភាពហោះហើររបស់ដ្រូន ដែលគ្មានការអនុញ្ញាតជាបន្តបន្ទាប់ នៅពីលើអាកាសយានដ្ឋានអន្តរជាតិតានសុនញ៉ាត ស្ថិតក្នុងទីក្រុងព្រៃនគរ កាលពីថ្ងៃទី១១ ខែសីហា បានបង្កការរំខានដល់ការហោះហើរជាង១០០ជើង។ នៅក្នុងចំណោមជើងហោះហើរទាំងនោះ ក្រុមហ៊ុន Vietnam Airlines តែមួយ មានជើងហោះហើរប្រហែល៦៤ជើង និងមានអ្នកដំណើររងផលប៉ះពាល់ជាង១ម៉ឺននាក់ ដែលសុទ្ធតែជាអ្នកត្រូវហោះហើរក្នុងស្រុក។ រីឯជើងហោះហើរចំនួន១៥ ដែលមានគោលដៅមកកាន់ទីក្រុងព្រៃនគរ និងជើងហោះហើរ១៥ផ្សេងទៀត មានគម្រោងហោះ ចេញពីទីក្រុង ក៏ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន ដោយយន្តហោះប្រហែល១៤គ្រឿងទៀត បានហោះវិលវល់ ឬបង្វែរទិសទៅកាន់អាកាសយានដ្ឋានផ្សេងទៀត នៅក្នុងអំឡុងពេលផ្អាកបណ្ដោះអាសន្ន៕



