
ដោយ៖ ស៊ីថេត និង សុផា
រាជធានីភ្នំពេញ៖ អ្នកភ្លេចហើយមែនទេ..ថ្ងៃដែលយោធាថៃ បំផ្លាញបដិមាព្រះវិស្ណុ ជាព្រះនៃទីសក្ការបូជារបស់អ្នក? មានព័ត៌មានបែកធ្លាយនាពេលថ្មីៗនេះថា ថៃបញ្ជាទិញប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ BrahMos របស់ឥណ្ឌា កំពុងបំផ្លាញទឹកចិត្តពលរដ្ឋខ្មែរជាខ្លាំង ប្រសិនបើការបញ្ជាទិញទទួលបានការយល់ព្រមមែននោះ...។

មីស៊ីល BrahMos គឺជាសមិទ្ធផលបច្ចេកវិទ្យាយោធារួមគ្នារវាងឥណ្ឌា និងរុស្ស៊ី។ វាគឺជាអាវុធយុទ្ធសាស្ត្រដ៏កាចសាហាវ និងមានល្បឿនលឿនជាងសំឡេងជិត៣ដង។ មីស៊ីលនេះ មានសមត្ថភាពពិសេស ដោយអាចវាយប្រហារចំគោលដៅច្បាស់ និងអាចបាញ់ចេញពីទីតាំងផ្សេងៗគ្នា។ បច្ចុប្បន្ន ក្នុងប្លុកអាស៊ាន មានតែឥណ្ឌូណេស៊ី និងវៀតណាមប៉ុណ្ណោះ ដែលបានចុះហត្ថលេខាទិញមីស៊ីសកំណាចនេះ ពីប្រទេសឥណ្ឌា។

ផែនការបញ្ជាទិញអាវុធដ៏មានសក្តានុពលនេះ បង្ហាញយ៉ាងច្បាស់អំពីចក្ខុវិស័យវាតទីនិយមដ៏វែងឆ្ងាយរបស់ថៃ ខណៈយោធាប្រទេសនេះ មិនទាន់បញ្ឈប់សកម្មភាពឈ្លានពានទឹកដីកម្ពុជា តាមព្រំដែននៅឡើយ។ បើមានមីស៊ីលកំណាចមួយប្រភេទនេះថែមទៀតមែននោះ យោធាឈ្លានពានថៃ នឹងកាន់តែបង្កើនសមត្ថភាពខ្ពស់ជាមុន ហើយក៏អាចវាយប្រហារបានចម្ងាយឆ្ងាយជាងមុនដែរ។

កាលពីអំឡុងឆ្នាំ២០២៥ យោធាថៃ បានបើកការឈ្លានពានយ៉ាងកំរោលលើដែនអធិបតេយ្យភាពកម្ពុជា។ យោធាថៃ បានកម្ទេចហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្ទះសម្បែង ភូមិឋានប្រជាជន និងសំណង់ប្រាសាទបុរាណខ្មែរអស់ជាច្រើន។ យោធាថៃ ថែមទាំងកម្ទេចបដិមាព្រះវិស្ណុ១អង្គ ស្ថិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារ។

ប្រជាជនឥណ្ឌា រួមទាំងប្រជាជនតាមបណ្តាប្រទេសផ្សេងៗទៀត ដែលជាអ្នកកាន់សាសនាព្រហ្មញ្ញ ឬហិណ្ឌូ បានរិះគន់នឹងទង្វើយោធាថៃ ដែលបំផ្លាញបដិមាព្រះវិស្ណុយ៉ាងគឃ្លើនបែបនេះ។ រហូតដល់រដ្ឋាភិបាលឥណ្ឌា ក៏ប្រតិកម្មដែរនាពេលនោះ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសឥណ្ឌា ចាត់ទុកការវាយកម្ទេចបដិមាព្រះវិស្ណុ ថា ធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តអ្នកកាន់សាសនាហិណ្ឌូ។ ក្រសួងការបរទេសឥណ្ឌា ប្រាប់ទៅថៃថា ទោះជាមានជម្លោះទឹកដីក៏ដោយ ក៏មិនគួរប៉ះពាល់ដល់ព្រះវិស្ណុ ដែលអ្នកកាន់សាសនាហិណ្ឌូគោរពបូជាឡើយ។

អ្វីដែលយោធាថៃបានធ្វើ មិនត្រឹមតែជាការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរដល់អ្នកជឿព្រហ្មញ្ញសាសនា ដែលមានអ្នកគោរពបូជារាប់លាននាក់នៅទូទាំងពិភពលោក។ ហេតុដូច្នេះ តើឥណ្ឌាគួរលក់មីស៊ីលជាប្រភេទអាវុធកាចសាហាវនេះឱ្យយោធាថៃ ជាប្រទេសមានចរិតឈ្លានពានគេ និងហ៊ានដល់ថ្នាក់វាយកម្ទេចសូម្បីតែបដិមាព្រះវិស្ណុបែបនេះដែរទេ..?

អង្គភាព SBM News ធ្លាប់បានចុះផ្សាយរួចមកហើយ អំពីការបែកធ្លាយព័ត៌មានដែលថៃចង់បញ្ជាទិញមីស៊ីលពីឥណ្ឌា។ ប្រជាជនខ្មែរជាច្រើន បានចូលទៅបញ្ចេញមតិក្រោមវីដេអូព័ត៌មានរបស់អង្គភាព SBM News ដោយប្រជាជនមួយចំនួន បញ្ចេញមតិក្នុងន័យស្រដៀងគ្នា ថា ឥណ្ឌានឹងមិនលក់អាវុធឱ្យថៃឡើយ ព្រោះខឹងថៃ ដែលធ្លាប់កម្ទេចបដិមាព្រះវិស្ណុ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ មើលឃើញថា ការលក់មីស៊ីលឱ្យថៃ ឬមិនលក់នោះ គឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាលឥណ្ឌា ដោយកម្ពុជាមិនអាចតវ៉ាអ្វីបានឡើយ។ ប៉ុន្តែអ្វីដែលលោក គិតថា ល្អប្រសើរសម្រាប់កម្ពុជានោះ គឺកម្ពុជា ត្រូវងាកមកប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងវិញ។ ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយអង្គភាព SBM News នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមរូបនេះ បង្ហាញទស្សនៈថា៖«រឿងសំខាន់ ពេលឃើញគេធ្វើអ៊ីចឹង យើងត្រូវគិតគូរដែរ ថាតើធ្វើអីសម្រាប់ខ្លួនឯង កុំអង្គុយមើលគេ ហើយអត់រៀបចំខ្លួន អាហ្នឹងគ្រោះថ្នាក់ធំហើយ»។

ឥណ្ឌា គឺជាប្រទេសដ៏ធំមួយដែលមានបេតិកភណ្ឌវប្បធម៌ និងសាសនាយ៉ាងជ្រាលជ្រៅ។ ដូច្នេះ សរុបជារួមមក ថ្វីបើការផលិតអាវុធដើម្បីលក់ក៏ដោយ ប៉ុន្តែឥណ្ឌាមិនគួរមានកិច្ចព្រមព្រៀងលក់សព្វាវុធណាមួយ ពិសេសមីស៊ីល ទៅឱ្យថៃនោះទេ។ ការមិនលក់អាវុធទៅឱ្យថៃ គឺជាសារព្រមានដ៏មានឥទ្ធិពលមួយទៅកាន់ថៃ ឱ្យចេះគោរពច្បាប់ទម្លាប់អន្តរជាតិ សិទ្ធិជាអ្នកជិតខាងល្អ និងតម្លៃសាសនា៕




