
សមុទ្ទក្រហម៖ កងឆ្មាំសមុទ្ទនៃប្រទេសយេម៉ែន បានជួយសង្គ្រោះនាវិកនៃនាវាពាណិជ្ជកម្មទង់ជាតិឥណ្ឌាមួយគ្រឿង ដែលបានលិចនៅសមុទ្ទក្រហមកាលពីថ្ងៃអង្គារទី៤ ខែសីហា បន្ទាប់ពីរងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមហ៊ូធី ខណៈរដ្ឋធានីញូដេលីក្តៅស្លឹកត្រចៀកជាខ្លាំង និងបានថ្កោលទោសចំពោះការវាយប្រហារនេះ។ នេះបើតាមការឱ្យដឹងពីមន្ត្រីមូលដ្ឋានក្នុងទីក្រុងមូខា (Mokha) នៃប្រទេសយេម៉ែន...។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ Saba រដ្ឋាភិបាលនៃប្រទេសយេម៉ែន ដែលទទួលស្គាល់ដោយអន្តរជាតិ បានទម្លាក់កំហុសលើក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយប្រទេសអ៊ីរ៉ង់ ចំពោះការវាយប្រហារនេះ។ គេនៅចាំបានថា កាលពីខែមុន ក្រុមហ៊ូធីបានប្រកាសបិទផ្លូវនាវាចរណ៍សមុទ្ទក្រហម ប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតនៅលើពិភពលោក។ ចាប់តាំងពីពេលនោះមក ក្រុមនេះ បានអះអាងទទួលខុសត្រូវលើការវាយប្រហារជាច្រើនលើនាវាដឹកប្រេង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

មន្ត្រីនៅទីក្រុងមូខា អះអាងថា សមាជិកនាវិកទាំងអស់នៃនាវា MSV Faize Noore Oliya ដែលមានជនជាតិឥណ្ឌា ១៣នាក់ និងជនជាតិយេម៉ែនម្នាក់ ត្រូវបានសង្គ្រោះបន្ទាប់ពីនាវានេះរងការវាយប្រហារនៅភាគខាងត្បូងទីក្រុងកំពង់ផែហូដីដា (Hodeida)។ ជុំវិញរឿងរ៉ាវនេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា លោក សាបាណន់ដា សូណូវ៉ល (Sarbananda Sonowal) បានសរសេរនៅលើបណ្តាញសង្គមថា នាវានេះ ត្រូវបានបាញ់ចំដោយគ្រាប់ផ្លោងក្បែរដែនទឹកយេម៉ែន។ លោកបាននិយាយខ្លាំងៗថា៖«ប្រទេសឥណ្ឌាថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដែលគ្មានការបង្កហេតុនេះ»៕





