វៀតណាម ចាប់ផាកពិន័យជិត២ម៉ឺនដុល្លារពីម្ចាស់រថយន្ដម្នាក់ បើកបរល្មើសច្បាប់ជិត១០០ករណី
S
Sinuon Nop
មួយម៉ោងមុន

រដ្ឋធានីហាណូយ៖ អាជ្ញាធរវៀតណាម បានចាប់ម្ចាស់រថយន្ដម្នាក់ដែលរស់នៅភាគខាងជើងប្រទេស ពិន័យជាប្រាក់ចំនួន១៨ ១០០ដុល្លារអាម៉េរិក បន្ទាប់ពីកាមេរ៉ាបំពាក់បច្ចេកវិទ្យាដ៏ទំនើប AI ត្រួតពិនិត្យចរាចរណ៍ បានកត់ត្រាអំពីការបើកបរល្មើសច្បាប់ចរាចរណ៍របស់គាត់ចំនួន៩៦លើក នៅក្នុងរយៈពេល៥ខែ ដោយក្នុងនោះត្រឹមតែខែកក្កដាប៉ុណ្ណោះ រថយន្តរបស់គាត់បានបើកបរល្មើសល្បឿនកំណត់ ចំនួន២១ករណី។ នេះបើតាមសារព័ត៌មានរបស់វៀតណាម VN Express International បានផ្សាយ កាលពីថ្ងៃទី១៤ ខែសីហា។

ប៉ូលិសចរាចរណ៍ខេត្តភូថូ (Phu Tho) នាភាគខាងជើងរបស់ប្រទេសវៀតណាម បានឱ្យដឹង កាលពីថ្ងៃទី១៣ ខែសីហា ថា ប៉ូលិសបានពិន័យដល់ម្ចាស់រថយន្តម្នាក់ វ័យ៤៧ឆ្នាំ រស់នៅក្នុងឃុំស្វាន ឡុង (Xuan Lung) ស្រុកឡាមថាវ (Lâm Thao) ខេតភូថូ បន្ទាប់ពីកាមេរ៉ាដែលបំពាក់នៅតាមដងផ្លូវង្វៀនតាតថាញ់ (Nguyen Tat Thanh) បានថតជាប់រថយន្តរបស់គាត់ (ដែលចុះបញ្ជីនៅទីក្រុងហាណូយ) ល្មើសច្បាប់ចរាចរណ៍ជាច្រើនលើកច្រើនសា។ ផ្លូវនេះ ឆ្លងកាត់សង្កាត់វៀតទ្រី (Viet Tri), ថាញ់ មៀវ (Thanh Mieu) និងវ៉ាន់ភូ (Van Phu)។

ការល្មើសច្បាប់ចរាចរណ៍ទាំងនោះ បានត្រូវកត់ត្រា នៅក្នុងប្រព័ន្ធ VNeTraffic ដែលជាមូលដ្ឋានទិន្នន័យចរាចរណ៍ថ្នាក់ជាតិ គ្រប់គ្រងដោយក្រសួងសន្តិសុខសាធារណៈ (ឬក្រសួងមហាផ្ទៃ) ដោយបានកំណត់ត្រា ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែកក្កដា។ ករណីភាគច្រើន គឺជាការបើកបរល្មើសល្បឿនកំណត់ ដោយមានកម្រិតល្មើស ចាប់ពី៥គីឡូម៉ែត្រក្នុងមួយម៉ោង រហូតដល់៣៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ផ្ទុយពីកម្រិតកំណត់។

ប៉ូលិសវៀតណាម កំពុងសាកសួរអ្នកបើករថយន្ដល្មើសច្បាប់ចរាចរណ៍
ប៉ូលិសវៀតណាម កំពុងសាកសួរអ្នកបើករថយន្ដល្មើសច្បាប់ចរាចរណ៍

មន្ត្រីជំនាញបានរកឃើញការល្មើសច្បាប់ ចំនួន៣ករណីបន្ថែមទៀត ខណៈបុរសម្នាក់នោះបានចូលខ្លួនមកឆ្លើយបំភ្លឺ។ គាត់បានទុកប័ណ្ណធានារ៉ាប់រងទទួលខុសត្រូវលើផ្នែករដ្ឋប្បវេណី (ដែលជាកាតព្វកិច្ចត្រូវមាន) អស់សុពលភាព ហើយរថយន្តរបស់គាត់ ក៏គ្មានវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពបច្ចេកទេស និងបរិស្ថានដែលមានសុពលភាព។ លើសពីនេះទៅទៀត អ្នកបើកបររូបនេះ មិនបានចុះបញ្ជីរថយន្ត ឬទទួលបានស្លាកលេខថ្មី បន្ទាប់ពីគាត់បានក្លាយជាម្ចាស់រថយន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត