
រាជធានីបាងកក៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រសួងការពារជាតិថៃ បានបើកទ្វារទទួលស្វាគមន៍ លោក អែលប្រ៊ីដ អ៊ែនឌ្រូ ខូលប៊ី (Elbridge Andrew Colby) អនុរដ្ឋលេខាធិការក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ទទួលបន្ទុកគោលនយោបាយ និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងថៃ-សហរដ្ឋអាម៉េរិក មុនបន្តដំណើរមកកាន់ប្រទេសកម្ពុជា។ នេះយោងតាមការចុះផ្សាយដោយកាសែតថៃ Amrin TV...។

ក្រសួងការពារជាតិថៃ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីទទួលស្វាសគមន៍ លោក អែលប្រ៊ីដ អ៊ែនឌ្រូ ខូលប៊ី ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក អឌល្យ ប៊ុនធម្មចំរើន (อดุลย์ บุญธรรมเจริญ) និងលោក អនុភាព សិរីមណ្ឌល (อานุภาพ ศิริมณฑล) ប្រធានខុទ្ទការល័យនៃអគ្គបញ្ជាការកងទ័ពជើងគោក បានចូលរួមជាតំណាងកងទ័ពជើងគោកថៃ។ គេនៅមិនទាន់ដឹងខ្លឹមសារព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់អនុរដ្ឋលេខាធិការនៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិកមកកាន់ប្រទេសថៃនេះ ថាមានផែនការអ្វីនៅពីក្រោយជំនួបនោះឡើយ។ ទន្ទឹមនោះ គេក៏មិនទាន់ដឹហថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អាចជាវារៈនៃកិច្ចពិភាក្សាដែរឬទេ។ យ៉ាងណា ភាគីទាំង២ បានបង្ហាញជំហរប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសកម្មភាពការពារជាតិរបស់ប្រទេសថៃ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ នេះបើតាមខ្លឹមសារកាសែត Amrin TV។

សូមជម្រាបថា លោក អែលប្រ៊ីដ អ៊ែនឌ្រូ ខូលប៊ី គឺជាអ្នកជំនាញខាងការសិក្សាសន្តិសុខ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard និង Yale។ កន្លងមក លោកធ្លាប់បម្រើការជាអនុរដ្ឋលេខាធិការស្តីទី ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក (មុនប្តូរមកជាក្រសួងសង្គ្រាម) ទទួលបន្ទុកយុទ្ធសាស្ត្រ និងការអភិវឌ្ឍកម្លាំង ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំយុទ្ធសាស្ត្រការពារជាតិ។ បច្ចុប្បន្ន លោកបម្រើការជាអនុរដ្ឋលេខាធិការរងក្រសួងសង្គ្រាមផ្នែកគោលនយោបាយ ដែលទទួលខុសត្រូវលើការរៀបចំកិច្ចសហប្រតិបត្តិការជាមួយប្រទេសសម្ព័ន្ធមិត្ត។ ដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃ លើកនេះ មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការពង្រឹងសន្តិសុខក្នុងតំបន់។ លោក ខូលប៊ី និងគណៈប្រតិភូ នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិ មុនពេលលោកបន្តដំណើរមកកាន់ប្រទេសកម្ពុជា៕





