ថៃ ផ្ញើលិខិតតវ៉ាផ្លូវការទៅ UN ចោទប្រកាន់អ្នករាយការណ៍ពិសេស ថា «អសមត្ថភាព និងលម្អៀង» រឿងកម្ពុជា
N
Nary Vann
2 ម៉ោងមុន

រាជធានីបាងកក៖ ប្រទេសថៃ បានផ្ញើលិខិតតវ៉ាផ្លូវការ ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រឆាំងនឹងការថ្លែងការណ៍បញ្ចប់បេសកកម្មរបស់ លោក ថម អែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយបានចោទប្រកាន់ថា របាយការណ៍នោះ «មានភាពលម្អៀង និងឃ្លាតឆ្ងាយពីគោលការណ៍អព្យាក្រិត»

លោក ថម អែនឌ្រូ
លោក ថម អែនឌ្រូ

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ដោយលោកអះអាងថា របាយការណ៍នេះ ចោទប្រកាន់ទៅលើប្រទេសថៃច្រើនពេក ហើយ​ថា អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើសកម្មភាពហួសពីដែនសមត្ថកិច្ច ដែលកំណត់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស ជំនួសឱ្យការផ្តោតលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

លោក សីងស័ក្តិ ភួងកេតកែវ
លោក សីងស័ក្តិ ភួងកេតកែវ

លោក សីហស័ក្តិ បានបន្ថែមទាំងងងើលថា លោក ថម អែនឌ្រូ មិនបានផ្តល់ពេលវេលា និងឱកាសគ្រប់គ្រាន់ឱ្យថៃបកស្រាយ ឬផ្តល់ព័ត៌មានជាក់ស្តែង មុនពេលចេញផ្សាយរបាយការណ៍ និងធ្វើសន្និសីទសារព័ត៌មាននោះទេ ហើយថែមទាំងចោទថាព័ត៌មានក្នុងរបាយការណ៍នោះត្រូវបានបំភ្លៃ ដើម្បីទាញផលចំណេញផ្នែកនយោបាយ។ លើសពីនេះ ថៃបានព្យាយាមទម្លាក់កំហុសមកលើកម្ពុជា ជុំវិញជម្លោះព្រំដែន និងការប៉ះទង្គិចគ្នាកាលពីខែកក្កដា ឆ្នាំមុន ដោយអាជ្ញាធរថៃអះអាងថា របាយការណ៍របស់ UN មិនបានឆ្លុះបញ្ចាំង ឬរំលេចពីការខូចខាត និងការជម្លៀសពលរដ្ឋថៃឡើយ។

ទោះជាយ៉ាងណាក៏ដោយ ការចេញមុខប្រឆាំងយ៉ាងក្ដៅគគុកពីសំណាក់ភាគីថៃនេះ បានស្តែងឱ្យឃើញពីការមិនពេញចិត្តរបស់រាជធានីបាងកក នៅពេលដែលតំណាងពិសេសរបស់អង្គការសហប្រជាជាតិ បានលើកយកការពិត និងទិដ្ឋភាពជម្លោះដែលពាក់ព័ន្ធនឹងកម្ពុជា មកបង្ហាញជាសាធារណៈ។ ថៃបានចោទប្រកាន់វិធីសាស្ដ្រធ្វើការរបស់ UN ទាំងទទឹងទិសថា ខ្វះសីលធម៌ វិជ្ជាជីវៈ និងមិនបានស្ដាប់ហេតុផលគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី ប៉ុន្តែការឆ្លើយតបរបស់ថៃ ត្រូវបានគេមើលឃើញថា ជាការព្យាយាមការពាររូបភាពអន្តរជាតិរបស់ខ្លួន និងគេចវេះពីការទទួលខុសត្រូវលើផលប៉ះពាល់ ដែលបានកើតឡើងក្នុងជម្លោះជាមួយកម្ពុជា នាពេលកន្លងមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត