ក្រសួងមហាផ្ទៃ៖ កងទ័ពថៃចេះតែ«ស្រមើស្រមៃ» ថាតួលេខជនភៀសសឹកនៅកម្ពុជា ផ្ទុយពីទិន្នន័យពិត
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបដិសេធការអះអាងរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ដែលថា«កម្ពុជានៅសល់ពលរដ្ឋភៀសសឹកប្រមាណជាង៤០០០នាក់»។ ក្រសួងហៅ ការបំភ្លៃព័ត៌មានរបស់កងទ័ពភូមិន្ទថៃនេះ «ជាការស្រមើស្រមៃ» ផ្ទុយស្រឡះពីទិដ្ឋភាពជាក់ស្តែង នៃជនភៀសសឹកកម្ពុជា ហើយផ្ទុយទាំងស្រុងពីតួលេខក្នុងដៃរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងកំណត់ហេតុផ្ទាល់ភ្នែកសរសេរផ្ទាល់ដៃរបស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា...។    

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតមកត្រឹមព្រឹកថ្ងៃទី៦សីហា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន២០២៨១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញបាន។ ដោយសារអំពើឈ្លានពាន និងការបន្តរំលោភបំពានរបស់ថៃ សាលារៀន១៥កន្លែង, មន្ទីរពេទ្យ-មណ្ឌលសុខ១១កន្លែង នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ នៅបន្តបិទទ្វារ ទោះការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជា-ថៃ ត្រូវបិទបញ្ចប់មកជាង៧ខែហើយ។ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា លោក ថម អ៊ីនឌ្រូ Tom Andrews លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៣១កក្កដាថា៖«យោងតាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ មានសិទិ្ធត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ»។   

ក្រសួងមហាផ្ទៃលើកឡើងថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ មក ភាគីថៃ ពុំបានអនុវត្តពេញលេញតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នោះទេ។ ក្នុងស្ថានភាពនេះ ក្រសួងបានបន្តកត់ត្រាទុករាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេស ពលរដ្ឋដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) នៅថ្ងៃទី៥សីហា បានចេញផ្សាយរូបភាពផ្កាយរណប ដែលថតកាលពីខែមីនា ឆ្នាំ២០២៦ បង្ហាញពីសកម្មភាពកងកម្លាំងយោធាថៃ ឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យ៉ាងតិចណាស់ចំនួន៦២៧ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត យ៉ាងតិចនៅក្នុងភូមិចំនួន៣ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥។

ការវិភាគនោះ ផ្អែកលើរូបភាពពីផ្កាយរណប Sentinel-2 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងរូបភាពដែលបានធ្វើបច្ចុប្បន្នភាពដោយ Apple Maps។ រូបភាពទាំងនេះបានបង្ហាញឱ្យឃើញពីការខូចខាតនៅភូមិជោគជ័យ ២៧០កន្លែង តំបន់បឹងត្រកួន ២៩៩កន្លែង និងភូមិព្រៃចាន់ ៥៨កន្លែង។ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។ ក្រសួងការពារជាតិកម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា តែងសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team-Cambodia: AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃជាក់ស្តែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត