
រាជធានីបាងកក៖ បន្ទាប់ពីបានបើកការឈ្លានពាន និងប្រើយន្តហោះចម្បាំងខ្ជាក់ទម្លាក់គ្រាប់បែកយ៉ាងព្រៃផ្សៃ បំផ្លិចបំផ្លាញ ប្រាសាទតាក្របី ដែលជាប្រាសាទបុរាណដ៏មានតម្លៃរបស់ដូនតាខ្មែរ ភាគីថៃ នៅតែបន្តកាន់កាប់ដោយខុសច្បាប់ និងចិញ្ចឹមចិត្តពង្រឹងវត្តមានយោធារបស់ខ្លួននៅទីនោះ ដោយគ្រោងចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់រហូតដល់១៣០លានបាត ឬស្មើ៣,៧លានដុល្លារអាម៉េរិក ក្រោមលេសពង្រីកបណ្តាញអគ្គិសនី...។

យោងតាមកាសែត Amrin TV ចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កញ្ញា ប្លយថៈឡេ លក្ម្សីសែងចន្ទ (พลอยทะเล ลักษมีแสงจันทร์) អ្នកនាំពាក្យរងនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បានចាត់តាំងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ពលភីរៈ សុវណ្ណឆវី (พลพีระ สุวรรณฉวี) ឱ្យចុះត្រួតពិនិត្យ និងប្រមូលព័ត៌មានទាក់ទងនឹងសំណើពង្រីកបណ្តាញអគ្គិសនីទៅកាន់តំបន់ជុំវិញប្រាសាទតាក្របី និងភ្នំ៣៥០។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ការធ្វើបែបនេះ គឺដើម្បីសម្រួល និងពង្រឹងសន្តិសុខជាតិនៅតាមបណ្តោយព្រំដែន ទាំងដែលយោធាថៃកំពុងកេណ្ឌទ័ព និងកាន់កាប់ប្រាសាទបុរាណខ្មែរដោយខុសច្បាប់។ សូមជម្រាបថា គម្រោងនេះ រួមបញ្ចូលផែនការពង្រីកក្នុងតំបន់ចំនួន៩ ក្រោមថវិកាសរុបជាង១៣០លានបាត។

ផែនការ ក៏កំពុងដំណើរការដើម្បីពង្រីកបណ្តាញអគ្គិសនីសរុបប្រវែងជាង១២,៥គីឡូម៉ែត្រ និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ឬសូឡា នៅតាមដងផ្លូវប្រវែងប្រហែល៨,៧គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឡានយ៉ាង (หลานหยาง) រហូតដល់ប្រាសាទតាក្របី ដើម្បីផ្តល់ពន្លឺ និងសម្រួលដល់ការធ្វើដំណើរ ទាំងដែលធាតុពិតសម្រួលដល់ប្រតិបត្តិការ និងពង្រឹងកម្លាំងយោធាជួរមុខរបស់ខ្លួនប៉ុណ្ណោះ។ យ៉ាងណា ការរៀបចំដំឡើងបង្គោល និងពង្រីកបណ្តាញអគ្គិសនីប្រវែងជាង១២,៥គីឡូម៉ែត្រ ព្រមទាំងបំពាក់ប្រព័ន្ធភ្លើងថាមពលព្រះអាទិត្យនៅចន្លោះ«ប្រាសាទតាក្របី» និង«ភ្នំ៣៥០» ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាការប៉ុនប៉ងប្រែក្លាយតំបន់បេតិកភណ្ឌវប្បធម៌ឱ្យទៅជាមូលដ្ឋានយោធា និងបំភ្លៃអត្តសញ្ញាណដើម នៃតំបន់ប្រវត្តិសាស្ត្ររបស់ខ្មែរ។

តំណាងរាជរដ្ឋាភិបាលថៃ បានបញ្ជាក់ដោយចំហថា សកម្មភាពបំពាក់ប្រព័ន្ធអគ្គិសនី និងការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគទៅកាន់តំបន់នោះ ធ្វើឡើងដើម្បីសម្រួលដល់ប្រតិបត្តិការ និងពង្រឹងសន្តិសុខដល់កងកម្លាំងយោធាជួរមុខរបស់ខ្លួន។ គម្រោងនេះ ត្រូវបានបញ្ជាឱ្យពន្លឿនការអនុវត្តឱ្យចប់នៅដើមឆ្នាំ២០២៧ ដើម្បីបម្រើឱ្យគោលបំណងយោធាសុទ្ធសាធ។ សកម្មភាពយកលេសអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅលើតំបន់ប្រាសាទបុរាណខ្មែរនេះ បង្ហាញយ៉ាងច្បាស់ពីចេតនាមិនស្មោះត្រង់ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើបេតិកភណ្ឌវប្បធម៌ ក៏ដូចជាអធិបតេយ្យភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕




