មន្ទីរបញ្ចកោណដាស់តឿនក្រុមហ៊ុនការពារជាតិអាម៉េរិក ឱ្យបង្កើនល្បឿនផលិតអាវុធយុទ្ធសាស្ត្រជាប្រញាប់
N
Nary Vann
09 សីហា 2026 10:30 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់លេខ២នៃមន្ទីរបញ្ចកោណ បានអំពាវនាវ និងដាក់បទបញ្ជាទៅកាន់ក្រុមហ៊ុនការពារជាតិធំៗរបស់សហរដ្ឋអាម៉េរិក ឱ្យពន្លឿនការផលិត និងប្រគល់ប្រព័ន្ធអាវុធសំខាន់ៗជាប្រញាប់ ឆ្លើយតបនឹងក្ដីបារម្ភកាន់តែខ្លាំងឡើងអំពីការខ្វះខាតអាវុធ ដែលបណ្ដាលមកពីសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។

នៅក្នុងលិខិតផ្ញើជូនក្រុមហ៊ុនផលិតអាវុធយក្សដូចជា Boeing, Lockheed Martin និង RTX កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក លោក ស្ទីវ ហ្វេនប៊ឺក (Steve Feinberg) បានសង្កត់ធ្ងន់ថា ការចំណាយពេលរាប់ឆ្នាំក្នុងការអភិវឌ្ឍអាវុធ គឺមិនអាចទទួលយកបានទៀតទេ ហើយក្រុមហ៊ុនទាំងអស់ត្រូវតែបង្កើនល្បឿនផលិតកម្មជាបន្ទាន់។ ក្រសួងសង្គ្រាម កំពុងតម្រង់ទិសលើការទិញយកប្រព័ន្ធឃ្លាំមើលរយៈចម្ងាយឆ្ងាយ ប្រព័ន្ធឧបករណ៍សេនស័រ និងប្រព័ន្ធស្ទាក់ចាប់ការវាយប្រហារតាមអាកាស ព្រមទាំងប្រព័ន្ធតាមដានមីស៊ីល។

ការបញ្ជាឱ្យបង្កើនល្បឿននេះ បានកើតឡើងបន្ទាប់ពីមានការព្រមានជាបន្តបន្ទាប់ អំពីការស្រុតចុះនៃស្តុកគ្រាប់រំសេវ និងមីស៊ីលរបស់កងទ័ពសហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលបើកការវាយប្រហារលើអ៊ីរ៉ង់ និងការប្រកួតប្រជែងការពារមូលដ្ឋានយោធារបស់ខ្លួនក្នុងតំបន់។ ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខបដិសេធថា សហរដ្ឋអាម៉េរិក មិនបានខ្វះខាតគ្រាប់រំសេវធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែលោកក៏បានទទួលស្គាល់ថា ប្រព័ន្ធអាវុធមួយចំនួនពិតជាមានភាពប្រឈម និងតឹងតែងខ្លះៗ ដែលតម្រូវឱ្យមានការផ្គត់ផ្គង់ជារៀងរាល់ថ្ងៃផងដែរ៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត