កម្ពុជា ត្រៀមខ្លួនការពារតំណែងជើងឯកពានរង្វាន់បាល់ទះសម្ដេចធិបតី រដូវកាលទី២
Chanmarady Chuon
6 ម៉ោងមុន

កីឡា៖ សហព័ន្ធបាល់ទះកម្ពុជា បានប្រកាសជាផ្លូវការ ស្ដីពីកាលបរិច្ឆេទនៃការប្រកួតពានរង្វាន់បាល់ទះសម្ដេចធិបតី រដូវកាលទី២ ដោយព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី១៩ ដល់ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សន្និសីទសារព័ត៌មានផ្លូវការ នឹងធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា។ 

ក្រុមបាល់ទះខ្លាំងៗមកពី៣ប្រទេស រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម កំពុងតែអន្ទះសាយ៉ាងខ្លាំងក្នុងការចូលរួមប្រកួត ដើម្បីដណ្តើមយកពានរង្វាន់សម្ដេចធិបតី រដូវកាលទី២នេះ។ រីឯអ្នកគាំទ្រវិស័យកីឡាបាល់ទះនៅកម្ពុជាវិញ ក៏កំពុងបង្ហាញក្ដីសង្ឃឹមខ្ពស់ និងរំពឹងយ៉ាងមុតមាំថា ក្រុមជម្រើសជាតិកម្ពុជា នឹងអាចលើកពានរង្វាន់ជាប្រវត្តិសាស្ត្រមួយនេះជាលើកទី២ ជូនជាតិមាតុភូមិ។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពានរង្វាន់ SEA V.League Challenge និងពានរង្វាន់សម្តេចធិបតី ហ៊ុន ម៉ាណែត។ កាលនោះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ជើងឯក ដោយទទួលបានប្រាក់រង្វាន់ ១០០លានរៀល ក្រោយយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផលដាច់ ៣សិតទល់នឹង០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍លំដាប់តំបន់លើទឹកដីកម្ពុជាលើកនេះ មិនត្រឹមតែជាការប្រកួតប្រជែងដណ្ដើមពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមាសមួយបន្ថែមទៀត ក្នុងការវាស់ស្ទង់សមត្ថភាពក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមកំពូលៗក្នុងតំបន់អាស៊ាន ព្រមទាំងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើនលើឆាកអន្តរជាតិ។​ ជាមួយគ្នានេះ សហព័ន្ធបាល់ទះកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកគាំទ្រកីឡាទាំងអស់ ចូលរួមទស្សនាឱ្យបានច្រើនកុះករ និងស្រែកហោរកញ្ជ្រៀវគាំទ្រឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ដល់ជាកម្លាំងចិត្តដ៏ធំធេងដល់កីឡាករកម្ពុជា ក្នុងការការពារតំណែងជើងឯកនៅលើទឹកដីខ្លួនឯងសាជាថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត