
(បាល់ទះ)៖ ថ្លែងក្នុងកម្មវិធីសន្និសីទកាសែត ស្ដីពីការរៀបចំកម្មវិធីប្រកួតបាល់ទះ ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា «ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា យើងចង់បានមេដាយមាស ខណៈព្រឹត្តិការណ៍នេះកាន់តែកៀកហើយ ដូច្នេះ សហព័ន្ធមានទិសដៅយ៉ាងណា ជំរុញឱ្យកាន់តែមានការផុសផុលកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ»។

អគ្គលេខាធិការលោក អាំង សិរីពិសិដ្ឋ បន្ថែមថា « ថ្នាក់ដឹកនាំនៃសហព័ន្ធរបស់យើង ដែលមានឯកឧត្ដម នេត សាវឿន ជាប្រធាន និងឯកឧត្ដម ស សុខា ជាអនុប្រធាន ដែលទទួលបន្ទុក និងជាប្រតិបត្តិករមួយដ៏សំខាន់នោះ យើងធ្វើការដុតដៃដុតជើងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណា សម្រួចគឺយើងចង់បានមេដាយមាស នៅពេលយើងធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែនិរន្តរភាពរបស់បាល់ទះ មិនមែនចប់ត្រឹម ស៊ីហ្គេម២០២៣ ហ្នឹងទេ គឺយើងមានទិសដៅបន្តពង្រឹងឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ក្រោយពេលស៊ីហ្គេមតទៅទៀត»។

ដោយឡែកការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នឹងចាប់ផ្ដើមនាសប្ដាហ៍ក្រោយ ហើយកម្មវិធីនេះ នឹងកក្រើកកាន់តែខ្លាំង ក្នុងចំណោមកម្មវិធីបាល់ទះផ្សេងៗ។ លោកបាននិយាយថា« ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នេះជាចលករមួយដ៏សំខាន់ក្នុងការអូសទាញវិស័យបាល់ទះកម្ពុជា ឱ្យឆ្ពោះទៅរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ និងឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។ ដូច្នេះ ទើបសហព័ន្ធបានព្យាយាមស្វែងរក និងធ្វើយ៉ាងណា ប្រមែប្រមូលបង្កើតកម្មវិធីប្រកួតបាល់ទះ ឱ្យបានកាន់តែច្រើន»។
បើតាមអគ្គលេខាធិការខាងលើ អះអាងថា សម្រាប់ការប្រកួតបាល់ទះ ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២នេះ មានក្រុមបាល់ទះ ចំនួន១១ក្រុមដោយចែកចេញជា៤ពូល។ ក្រោយការចាប់ឆ្នោតឃើញថា៖ ពូលA មានរដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ពូលB មានបញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, សមាគមបាល់ទះខេត្តសៀមរាប, ពូលC មានក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបកូននាគឧត្តរ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ពូលD មានសមាគមបាល់ទះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

សម្រាប់ក្រុមជ័យលាភីវិញ ក្រុមជើងឯកទទួលបានពានរង្វាន់ធំ១ ទទួលបានមេដាយមាសម្នាក់១ អមដោយថវិកា ១ម៉ឺនដុល្លារ, ជើងឯករងទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា ៥ពាន់ដុល្លារ, លេខ៣ទទួលបានមេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា ៣ពាន់ដុល្លារ, លេខ៤ទទួលបានថវិកា ២ពាន់ដុល្លារ។ ក្រៅពីនោះ ក៏មានពានរង្វាន់ឯកត្តជនដែរ គឺសម្រាប់កីឡាករល្អជាងគេ ប្រចាំព្រឹត្តិការណ៍ កីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម។

អ្វីដែលពិសេសថែមទៀតនោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិ ចំនួន ២គូដែរ ដោយក្នុងនោះ៖ -១៥ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៧យប់ -២០ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ គុយបា វេលាម៉ោង ៧យប់។ បើតាមគម្រោង ការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នេះ នឹងរៀបចំប្រកួតពីថ្ងៃ ១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ (ម្តុំហ្រ្គេនភ្នំពេញ)៕



