តើក្រុមបាល់ទះណាខ្លះ ដែលនឹងមាន​ឈ្មោះ​ប្រកួតដណ្តើម​ពានរង្វាន់សម្តេច​តេជោ ខែក្រោយ?
R
Rorn Phork
30 កញ្ញា 2022 05:00 AM

(បាល់ទះ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទះក្នុងសាល ដណ្តើមពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ។ ​នេះបើយោងតាមការជូនដំណឹងរបស់ សហព័ន្ធកីឡាបាល់ទះកម្ពុជា...។

ការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន មានក្រុមបាល់ទះទាំងអស់ចំនួន១២ ចូលរួម រួមមាន៖ក្លឹបកីឡាបាល់ទះវិសាខា, ក្លឹបកីឡាបាល់ទះក្រសួងមហាផ្ទៃ, ក្លឹបកីឡាបាល់ទះ កងពលធំអន្តាគមន៍លេខ៣, ក្លឹបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្លឹបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប, ក្លឹបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ, ក្លឹបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ក្លឹបកីឡាបាល់ទះ កូននាគឧត្តរ ខេត្តឧត្តរមានជ័យ, ក្លឹបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ក្លឹបកីឡាបាល់ទះ រដ្ឋបាលរាជធានីភ្នំពេញ, ក្លឹបកីឡាបាល់ទះ ខេត្តកំពង់ស្ពឺ និងក្លឹបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ដែលក្រុមទាំង១២នេះ សុទ្ធសឹងជាក្រុមជើងខ្លាំងប្រចាំប្រទេស ដែលមានសិទ្ធិ ចូលរួមការប្រកួតកម្រិតកំពូលបាន។

ការជូនដំណឹងដដែល បន្ថែមថា ការដាក់ពាក្យចូលរួមប្រកួត នឹងប្រព្រឹត្តទៅ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការសហព័ន្ធកីឡាបាលទះកម្ពុជា (ពហុកីឡដ្ឋានជាតិ អូឡាំពិក)។ ក្រុមចូលរួមទាំងអស់ ត្រូវតែចូលរួម ក្នុងសន្និសីទសារព័ត៌មាន ការប្រជុំបច្ចេកទេស និងការចាប់ឆ្នោតនា ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩ៈ៣០នាទីព្រឹក នៅសាលប្រជុំកីឡដ្ឋានព្រីនស៍។

ពាក់ព័ន្ធការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីនេះ ត្រូវបានឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លើកឡើងថា «ខ្ញុំជឿជាក់ថា ការបង្កើតកម្មវិធីប្រកួតបែបនេះ [ពានរង្វាន់] អាចស្វែងរកកីឡាករដែលមានគុណភាពខ្ពស់ ដើម្បីបម្រើជាតិ ក្នុងនោះសម្រាប់ស៊ីហ្គេម២០២៣។ ខ្ញុំលើកស៊ីហ្គេមច្រើន ដោយសារតែស៊ីហ្គេម ជាម៉ែត្រវាស់មួយ ដែលយើងត្រូវតែតម្រង់ទិស ក្នុងគោលដៅដើម្បីដណ្ដើមមេដាយមាសជូនជាតិ។ [មាស] ឬ មិន[មាស] ជារឿងមួយផ្សេងទៀត ប៉ុន្តែយ៉ាងតិចណាស់ ដណ្ដើមមេដាយជូនជាតិ យ៉ាងហោចណាស់រក្សានូវមេដាយលេខ៣ (មេដាយសំរឹទ្ធ) ដែលយើងទទួលបានឱ្យនៅក្នុងដៃបន្ថែម»។

សូមរំលឹកផងដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃការចូលរួមប្រកួតស៊ីហ្គេម លើប្រភេទកីឡាបាល់ទះបុរសក្នុងសាល។ ជាមួយនឹងការឈ្នះមេដាយសំរឹទ្ធ លើកដំបូង មេដាយមាស នៅតែជាគោលដៅចម្បងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ប្រភេទកីឡាបាល់ទះ ស្ថិតនៅក្នុងចំណោមកីឡាទាំង៣៩ប្រភេទ បូករួមកីឡាសម្ដែង ១ប្រភេទ ដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ បាល់ទះ ត្រៀមវិញ្ញាសាចំនួន៤ រួមមាន៖ បាល់ទះក្នុងសាល (បុរស-នារី) និងបាល់ទះលើឆ្នេរខ្សាច់ (បុរស-នារី)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត