
(បាល់ទះ)៖ ក្រោយពិនិត្យមើលឃើញពីបច្ចេកទេស និងការបង្ហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ អស់មួយរយៈរួចមក សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការ ជាមួយគ្រូបង្វឹកបាល់ទះជនជាតិគុយបា ទាំង២រូប ជាផ្លូវការ។ ការចុះកិច្ចសន្យានេះ ធ្វើឡើងនារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។ មានការចូលរួមរបស់លោកជំទាវ Liurka Rodríguez Barrios លោកជំទាវឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជាផងដែរ។

លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas ដែលជាអ្នកគ្រប់គ្រងរបស់គ្រូបង្វឹកទាំង២ សុទ្ធតែតាំងចិត្តនឹងចូលរួមជាធ្លុងមួយ ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីប្រជែងយកជ័យជម្នះក្នុងការប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសគឺដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។
ជាមួយគ្នានេះដែរ លោកអាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយបន្ថែមក្បាលម៉ាស៊ីន ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ថា៖ «តាមរយៈការជួយជ្រោមជ្រែង ពីសំណាក់ លោកជំទាវអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា ពេលនេះ យើងបានសម្រេចចុះកិច្ចសន្យា ជាមួយនឹងលោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស ហើយលោក Berto Friol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស»។

អគ្គលេខាធិការរូបនេះបន្ថែម«ក្រោយយើងធ្វើតេស្តសាកល្បង ពិនិត្យលើការផ្ដល់តិចនិច និងទស្សនវិស័យមួយចំនួន ស្របតាមអ្វីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ ចង្អុលបង្ហាញ។ ក្នុងន័យតែមួយគត់ គឺយើងចង់បានមេដាយមាស ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម។ ប៉ុន្តែ អ្វីៗជាការប្រកួតលើទីលានវាមិនស្រួលយើងនិយាយនោះទេ។ តើជាក់ស្តែងយើងធ្វើបានកម្រិតណា? ហើយខ្ញុំជឿជាក់ថា ការបន្ថែមគ្រូបង្វឹកទាំង២នាក់នេះ មកជួយយើងឱ្យមានសង្ឃឹមកាន់តែធំ ក្នុងការប្រជែងយកមេដាយមាស»។

លោកសង្កត់ធ្ងន់ថា៖ «ខ្លឹមសារនៃកិច្ចសន្យា បើកទូលាយដែរ ដោយយើងទទួលគាត់ជាគ្រូបង្វឹកទាំងបាល់ទះឆ្នេរខ្សាច់ក្ដី បាល់ទះក្នុងសាលក្ដី រយៈពេល១ឆ្នាំ បើងាកមើលទៅក្រោយស៊ីហ្គេម ឆ្នាំ២០២៣ ចប់រយៈ៣ខែ ទើបផុតកិច្ចសន្យា។ តែក្នុងនោះ យើងចង់បន្តកិច្ចសន្យា ត្រូវជូនដំណឹងគ្នារយៈពេល៣ខែមុន។ ប៉ុន្តែ បន្តឬមិនបន្ត គឺអាស្រ័យលើគុណផលដែលគាត់មកបង្វឹកក្រុមកីឡាកររបស់យើង ឈានទៅមុខដល់កម្រិតណា។ បើសិនសម្ទុះខ្ពស់ ចាំបាច់ត្រូវតែបន្ត ដើម្បីពង្រឹងឱ្យវិស័យបាល់ទះយើង កាន់តែរីកចម្រើនទៅមុខ»។

ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ខាងលើបន្តថា៖ «បច្ចុប្បន្ននេះ ទេពកោសល្យរបស់កីឡាករយើងមានហើយ ប៉ុន្តែយើងត្រូវបន្ថែមលើបច្ចេកទេស និងរបៀបមួយចំនួន ពេលខ្លះ អ្វីដែលគ្រូចិន (Li Jun) ជាគ្រូធំមាន ខាងគ្រូខ្មែរ ឬគ្រូគុយបា អត់មាន ហើយរឿងខ្លះ អ្វីដែលគ្រូគុយបាមាន គ្រូចិន ឬគ្រូខ្មែរអត់មាន ហើយអ្វីដែលគ្រូទាំង២អត់មាន តែគ្រូខ្មែរមាន។ ដូច្នេះហើយ យើងជឿជាក់ថា សមត្ថភាពគ្រូទាំង៣ដាក់បញ្ចូលគ្នា យើងជឿជាក់ថា ចន្លោះប្រហោងរបស់កីឡាករយើង មើលឃើញកាន់តែតូចៗទៅហើយ ព្រោះថា ចំណុចខ្វះខាត បានបំពាក់បំប៉នបន្ថែម។ អ៊ីចឹង រយៈពេល៨ ឬ ៩ខែចុងក្រោយនេះ ខ្ញុំជឿជាក់ថា លោកគ្រូៗអាចពង្រឹងគុណផលកីឡាករ បានដូចអ្វីដែលថ្នាក់ដឹកនាំសហព័ន្ធយើងចង់បាន»។
ក្រៅពីនាំយកគ្រូបង្វឹកមកពីប្រទេសគុយបា សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងតែទាក់ទង តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតគុយបា ឱ្យមានការរៀបចំការប្រកួតមិត្តភាពរវាងក្រុមមកពីគុយបា ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ផងដែរ នៅអំឡុងខែតុលា ខាងមុខ ពោលគឺស្របពេល នឹងការរៀបចំពានរង្វាន់បាល់ទះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បន្ថែមពីលើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិសិង្ហបុរី ផងដែរ៕


