
(ស៊ីហ្គេម)៖ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្តេជ្ញាធ្វើឱ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជាបង្កើតការភ្ញាក់ផ្អើលម្តងទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការថ្លែងបែបនេះ ក្រោយចប់ពិធីចាប់ឆ្នោតចាប់ពូលកាលពីថ្ងៃទី១៨ ខែមេសា។
លោក អាំង សិរីពិសិដ្ឋ បានលើកឡើថា ក្រុមបាល់ទាត់កម្ពុជាបានសម្រាកត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវិលត្រឡប់មកពីប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម។
លោកបានបញ្ជាក់ថា៖ «សម្រាកបានត្រឹម១សប្តាហ៍ កីឡាករជម្រើសជាតិទាំងអស់បានវិលចូលជំរំហ្វឹកហាត់វិញ និងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាបន្តបន្ទាប់។ ជាឆន្ទៈគឺយើងរំពឹងថា ចង់បានមេដាយមាស។ ទាំងអត្តពលិក និងថ្នាក់ដឹកនាំ យើងបានតាំងចិត្ត ក្នុងនាមជាម្ចាស់ផ្ទះដាច់ខាតត្រូវតែដណ្តើមមាស។ អ៊ីចឹងមហិច្ឆតាយើងគឺដណ្តើមមេដាយមាស»។

លោកបន្ថែមថា ចាប់តាំងពីយើងទទួលបានមេដាយសំរឹទ្ធនៅស៊ីហ្គេម លើកទី៣១ មកដល់ភ្នំពេញភ្លាម អត្តពលិករបស់យើងមានពេលសម្រាកតែ១សប្តាហ៍គត់។ ទោះបីជាយើងបានបំបែកកំណត់ត្រាកាលស៊ីហ្គេមលើកមុនមែន តែមិនមែនជាគោលដៅដែលយើងត្រូវការនោះទេ។ ចាប់តាំងពីពេលនោះ ការប្រមូលផ្តុំហ្វឹកហាត់របស់អត្តពលិករបស់យើងគឺនៅដដែល។
លោកបន្តថា៖ «ភាពភ្ញាក់ផ្អើលកាលស៊ីហ្គេមលើកមុន មហាជនអាចនឹកស្មានមិនដល់ដែលក្រុមបាល់ទះកម្ពុជាធ្វើបានកម្រិតមេដាយ ប៉ុន្តែមិនមែនជារឿងចៃដន្យទេ។ ថ្នាក់ដឹកនាំសហព័ន្ធបានឱ្យចាប់ផ្តើមបោះជំរំហ្វឹកហាត់តាំងពីឆ្នាំ២០១៩ ជាពេលវិបត្តិកូវីដ-១៩។ កីឡាករឃ្លាតឆ្ងាយពីប្រពន្ធកូនរាប់ខែដើម្បីសម្ខំហ្វឹកហាត់ ដូច្នេះហើយទើបបានជាយើងទទួលបានលទ្ធផលដ៏ភ្ញាក់ផ្អើលនោះ»។
អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា «ងាកមកស៊ីហ្គេម លើកទី៣២នេះ យើងជួបដៃគូសុទ្ធតែគីឡូធ្ងន់ដូចគ្នា។ ជាក់ស្តែង ឥណ្ឌូណេស៊ីជាអធិរាជបាល់ទះនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែសួរថា ទឹកចិត្តកីឡាកររបស់យើងខ្លាចទេ? អត់ខ្លាចទេ។ យើងនឹងធ្វើឱ្យកាន់តែភ្ញាក់ផ្អើលទៀត ប៉ុន្តែលទ្ធផលយ៉ាងណាគឺនៅលើទីលានពិតប្រាកដ»។

ក្រុមបាល់ទះជម្រើសជាតិកម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ការពារមេដាយមាសឆ្នាំចាស់គឺឥណ្ឌូណេស៊ី រួមទាំងហ្វីលីពីន និងសិង្ហបុរី។ ក្រុមជម្រើសជាតិទាំង៣នេះមានតែឥណ្ឌូណេស៊ី១គត់ដែលកម្ពុជាមិនអាចយកឈ្នះកន្លងមក ប៉ុន្តែកម្ពុជាអាចតដៃបាន១សិតនៅពេលចាញ់១-៣ ក្នុងស៊ីហ្គេម នៅវៀតណាម ជាកន្លែងដែលកម្ពុជាបានយកឈ្នះហ្វីលីពីន ៣-១។
បើក្រឡេកមើលការប្រកួតមិត្តភាពអន្តរជាតិប៉ុន្មានខែចុងក្រោយនេះ ក្រុមបាល់ទះកម្ពុជាធ្វើបានល្អច្រើនមែនទែនក្នុងនោះបានយកឈ្នះក្រុមគុយបា ឈ្នះក្រុមជម្រើសជាតិបារាំងអាយុក្រោម១៩ឆ្នាំ ឈ្នះជម្រើសជាតិសិង្ហបុរី ឈ្នះក្រុមម៉ាឡេស៊ី B និងឈ្នះក្រុមជម្រើសជាតិខេត្តសានតុង ប៉ុន្តែចាញ់ជម្រើសជាតិម៉ាឡេស៊ី ១-៣។
សូមរំលឹកផងដែរថា នៅក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣១ ក្រុមបាល់ទះក្នុងសាលកម្ពុជាយកឈ្នះក្រុមជើងខ្លាំងហ្វីលីពីន ៣សិតទល់២សិត ចាញ់ក្រុមថៃនៅវគ្គវិលជុំ៣សិតទល់២សិត បន្តចាញ់ឥណ្ឌូណេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣សិតទល់១សិត នឹងយកឈ្នះក្រុមជើងខ្លាំងថៃនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល៣សិតទល់២សិត ធ្វើឱ្យកម្ពុជាបានទទួលមេដាយសំរឹទ្ធ ដែលបង្កើតប្រវត្តិសាស្ត្រក្នុងប្រវត្តិចូលលេងស៊ីហ្គេមរយៈពេលជិត៤០ឆ្នាំ៕



