មន្រ្ដីជំនាញអាម៉េរិក ប្រកាសអាសន្នពីស្ថានភាពធ្ងន់ធ្ងរគ្រប់មូលដ្ឋានយោធារបស់ខ្លួន នៅទូទាំងតំបន់ប៉ាស៊ីហ្វិក
S
Sinuon Nop
5 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមត្រួតពិនិត្យរបស់មន្ទីរបញ្ចកោណ ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានប្រកាសអាសន្ននៅគ្រប់មូលដ្ឋានយោធារបស់ខ្លួន នៅទូទាំងតំបន់ប៉ាស៊ីហ្វិក ដោយសារតែស្ថានភាពអគារនៅតាមមូលដ្ឋានយោធាទាំងនោះ មានសភាពទ្រុឌទ្រោមគួរឱ្យព្រួយបារម្ភ ហើយវាបានបង្កឱ្យមានក្ដីកង្វល់ សម្រាប់ទប់ទល់នឹងប្រទេសមហាយក្សចិន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg ។

អគ្គាធិការកិច្ចនៃមន្ទីរបញ្ចកោណ បានព្រមានថា បញ្ហានេះត្រូវបានរកឃើញ តាមរយៈការត្រួតពិនិត្យទីតាំងយោធារបស់សហរដ្ឋអាម៉េរិកចំនួន១១កន្លែង នៅក្នុងតំបន់សំខាន់ៗ ដូចជា ការមានច្រេះ និងប្រហោងនៅក្នុងអគារ ការធ្លាក់ពិតាន ក៏ដូចជា វត្តមាននៃផ្សិត និងសារធាតុអាស្បេស្តូស (asbestos)។ ករណីទាំងនេះ បានត្រូវរាយការណ៍ទៅកាន់មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក នៅក្នុងសេចក្ដីជូនដំណឹងផ្នែកគ្រប់គ្រងជាបន្ទាន់មួយ នៅខែសីហានេះ។ លោក រ៉ាន់ដូលហ្វ៍ ស្ដូន (Randolph Stone) ជំនួយការអគ្គាធិការទទួលបន្ទុកផ្នែកវាយតម្លៃ នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៦ ខែសីហាថា ករណីទាំងនេះបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ការត្រៀមខ្លួនទុកជាមុនរបស់កងកម្លាំងសហរដ្ឋអាម៉េរិក ក៏ដូចជា ទីតាំងសម្រាប់កងទ័ព និងគ្រួសាររបស់ពួកគេ។

លោក ម៉ាក ស៊ីនដឺរ (Mark Sinder) ជំនួយការរងទទួលបន្ទុកផ្នែកទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធ បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា៖«ស្ថាប័នយោធានានា មានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ នឹងដើរតួនាទីសំខាន់សម្រាប់ដោះស្រាយបញ្ហាខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលបានរកឃើញ» ហើយ «នឹងមានការកំណត់នូវកាលវិភាគលម្អិតមួយ សម្រាប់ការកែតម្រូវរាល់ចំណុចខ្វះខាតទាំងនោះ»។ ការលើកឡើង អំពីកង្វល់ទាំងនេះ មានការទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលគាំទ្រដល់បេសកកម្មនៅទូទាំងទីបញ្ជាការប៉ាស៊ីហ្វិករបស់កងទ័ពសហរដ្ឋអាម៉េរិក (US Pacific Command)។ ស្របគ្នានេះដែរ អធិការកិច្ចទូទៅបានបញ្ជាក់ថា៖«វាមានសារសំខាន់ខ្លាំងណាស់ក្នុងការគាំទ្រ»ដល់យោធិនដែលកំពុងតែបំពេញភារកិច្ច នៅក្នុងតំបន់ ហើយសំណង់អគារមួយចំនួន មានអាយុកាលយូរតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម៉្លេះ។

សេចក្ដីរាយការណ៍ទាំងនោះ បានលើកឡើង ថា មូលដ្ឋានកងទ័ពអាកាសកាដេណា (Kadena) ជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់អំណាចដែនអាកាសរបស់អាម៉េរិក នៅតំបន់ប៉ាស៊ីហ្វិក ដោយមានទាំងផ្ទុកគ្រាប់រំសេវ មានតម្លៃ៨៣៦លានដុល្លារ និងមានផ្ទះយ៉ាងតិច២៤៣ខ្នង សម្រាប់ទាហានអាម៉េរិកាំង ប្រហែល២០០០០នាក់ ហើយសូម្បីតែឃ្លាំង សម្រាប់រក្សាយន្ដហោះ ក៏មានសភាពទ្រុឌទ្រោម។ ដោយឡែក ផ្ទះចំនួន១៣៩ខ្នងផ្សេងទៀត ត្រូវបានគេរាយការណ៍ ថា រងផលប៉ះពាល់ ដោយសារការបាក់ពិតាន។ ក្រៅពីនេះ ក៏នៅមានមូលដ្ឋានកងទ័ពរបស់អាម៉េរិកជាច្រើនផ្សេងទៀត ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត