
រាជធានីបាងកក៖ ស្របពេលសង្គមថៃ កំពុងស្ថិតក្នុងស្ថានភាពវឹកវរ បង្កឡើងដោយការបាញ់ប្រហារពាសវាលពាសកាលនៅក្នុងប្រទេស រហូតមានទាំងអតីតតំណាងរាស្ត្រ ដែលជាអ្នកចេះច្បាប់ ហ៊ានលើកដៃបាញ់ប្រហារមន្រ្ដីរដ្ឋាភិបាលនោះមក ប្រធានគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សប្រជាជន[ថៃ] កំពុងជំរុញឱ្យកែប្រែច្បាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ ឬកាន់កាប់អាវុធដោយសេរីនេះ...។

សារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ ខាវសដ បានចេញផ្សាយនៅរសៀលថ្ងៃសុក្រទី១៤ ខែសីហានេះថា លោក នត្ថពង្ស រឿងបញ្ញាវុទ្ធ (ณัฐพงษ์ เรืองปัญญาวุฒิ) ប្រធានគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា គណបក្សរបស់លោក កំពុងរៀបចំសំណើកែសម្រួលច្បាប់ ស្តីពីអាវុធ និងវិធានការគ្រប់គ្រងអាវុធ ជាមួយនឹងការព្រមានថា ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង នឹងមិនមានប្រសិទ្ធភាពនោះ ប្រសិនបើគ្មានការអនុវត្តច្បាប់ ប្រកបដោយសមធម៌ទេ នោះវានឹងគ្មានប្រសិទ្ធភាពឡើយ។

ជាមួយនឹងការសម្ដែងនូវការសោកស្ដាយ នៃការបាត់បង់អាយុជីវិត ដោយសារការបាញ់ប្រហារមិនរើសអើងនោះ សមាជិកសភា និងជាមេបក្សប្រឆាំង រូបនេះ បានបន្ថែម ថា សាលារៀនដែលរងការគំរាមកំហែង គួរតែចាត់ទុកបញ្ហានេះ ជារឿងសំខាន់ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយមិនគិតថា អ្នកផ្ញើសារនោះ មានចេតនាអនុវត្តតាមការគំរាមកំហែងនោះ ឬក៏អត់ឡើយ។ លោក នត្ថពង្ស រឿងបញ្ញាវុទ្ធ បានថ្លែងទៅកាន់រដ្ឋសភាថា៖«គណៈគ្រប់គ្រងសាលារៀននៅគ្រប់ទីកន្លែង ត្រូវតែតាមដាន និងធានាសុវត្ថិភាព នៅតាមសាលារៀនរបស់ខ្លួនឱ្យបានពេញលេញ តាមអ្វីដែលអាចធ្វើទៅបាន។ ឥឡូវគណបក្សប្រជាជនកំពុងពិភាក្សាអំពីការកែសម្រួលច្បាប់ ស្តីពីអាវុធ និងគោលនយោបាយគ្រប់គ្រងអាវុធឱ្យកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងតែមួយមុខ នឹងមិនអាចដោះស្រាយបញ្ហាបាននោះទេ ប្រសិនបើការអនុវត្តច្បាប់ មិនមានប្រសិទ្ធភាព»។

មេបក្សប្រឆាំងរបស់ថៃរូបនេះ បានសង្កត់ធ្ងន់ថា៖«ច្បាប់ដែលមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរ អាចក្លាយជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់ក្រុមមន្ត្រីពុករលួយមួយចំនួន ទាមទារអត្ថប្រយោជន៍ ឬជំរិតទារប្រាក់សម្រាប់ពួកគេ»។ ការលើកឡើងរបស់មេបក្សប្រឆាំងរូបនេះ បានកើតឡើង ខណៈមានការបាញ់ប្រហារជាញឹកញាប់នៅក្នុងប្រទេសថៃ។ ដោយឡែក ប៉ូលិសថៃ បានឱ្យដឹងថា អតីតសមាជិកសភាម្នាក់ បានសារភាពថា ខ្លួនបានបាញ់មន្ត្រីជាន់ខ្ពស់ម្នាក់នៅការិយាល័យរដ្ឋាភិបាលមួយកន្លែង ដោយសារតែជម្លោះរឿងប្រាក់កាស។ ហេតុការណ៍នេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបាញ់ប្រហារដ៏សាហាវបំផុតនៅប្រទេសថៃ ក្នុងរយៈពេលជិត៤ឆ្នាំចុងក្រោយនេះ។

ទន្ទឹមនោះ ប៉ូលិសថៃ ក៏បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាខ្មាន់កាំភ្លើងឈ្មោះ ឆៈឡង រាវរ៉េង (ฉลอง เรี่ยวแรง) ជាអតីតសមាជិកសភា បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ថា បានបាញ់សម្លាប់អ្នកនយោបាយក្នុងតំបន់ម្នាក់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងការិយាល័យរដ្ឋាភិបាលមួយកន្លែង នៅជាយរាជធានីបាងកក។ អាជ្ញាធរ បានបញ្ជាក់ថា អតីតសមាជិកសភារូបនេះ បានសារភាពថា ខ្លួនគេពិតជាបានបាញ់ប្រហារមែន។ នេះបើតាមទូរទស្សន៍របស់អាល្លឺម៉ង់ DW បញ្ជាក់ចម្លើយសារភាព៕


