
រដ្ឋធានីហ្សាការតា៖ លោក ភួរបាយ៉ា យូឌី សាដេវ៉ា (Purbaya Yudhi Sadewa) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី ជំរុញឱ្យក្រុមហ៊ុនរថយន្តតូយ៉ូតា (Toyota) ដ៏ល្បីល្បាញរបស់ជប៉ុន ដកខ្លួនចេញពីប្រទេសថៃ ប្តូរមកកាន់ប្រទេសឥណ្ឌូណេស៊ីវិញ។ លោកបានប្រើវោហារសាស្រ្តដ៏ភ្ញាក់ផ្អើលនេះ យូរថ្ងៃដែរមកហើយ តែទើបត្រូវបានកាសែតខាវសដថៃ ចុះផ្សាយនៅថ្ងៃទី១៤ ខែសីហានេះ...។

លោក ភួរបាយ៉ា ប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងលើកទឹកចិត្តដល់ក្រុមហ៊ុនរថយន្តតូយ៉ូតា និងវិស័យឯកជនផ្សេងទៀត។ ជាមួយគ្នា លោកថែមទាំងអំពាវនាវឱ្យភាគីដែលផ្គត់ផ្គង់សម្ភារផ្សេងៗ និងឧស្សាហកម្មដែលគាំទ្រដល់ក្រុមហ៊ុនតូយ៉ូតា ផ្លាស់ទីតាំងចូលទៅវិនិយោគនៅឥណ្ឌូណេស៊ីដែរ។ រដ្ឋមន្រ្តីរូបនេះ ថ្លែងដូច្នេះថា៖«យើងនឹងគាំទ្រក្រុមហ៊ុនតូយ៉ូតា[..]យើងនឹងផ្តល់រាល់អ្វីដែលអ្នកចង់បាន»។

មកដល់ពេលនេះ គេមិនទាន់ឃើញក្រុមហ៊ុនតូយ៉ូតា ប្រតិកម្ម ឬឆ្លើយយ៉ាងណានោះទេ ទៅនឹងសំណើរបស់ឥណ្ឌូណេស៊ី។ គួរដឹងថា ថៃ ជាប្រទេសមួយ ដែលក្រុមហ៊ុនរថយន្តតូយ៉ូតា បោះទុនវិនិយោគឈរជើងរកស៊ីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទោះយ៉ាងណា សេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្ន ធ្លាក់ចុះខ្លាំង រហូតត្រូវគេប្តូររហស្សនាម ពីខ្លាសេដ្ឋកិច្ច មកជាអ្នកជំងឺអាស៊ី វិញ។ ចំណែក ឥណ្ឌូណេស៊ី ជាប្រទេសដែលមានផ្ទៃដីធំជាងគេ ហើយក៏មានទំហំសេដ្ឋកិច្ចធំជាងគេដែរ ក្នុងចំណោមប្រទេសទាំង១១នៅអាស៊ាន។ អ្នកខ្លះ ហៅឥណ្ឌូណេស៊ី ថា ជាបងធំអាស៊ានទៀតផង៕




