រោងចក្រមេផ្សិតរបស់ចិន បង្កើនការផលិតថ្នាំប្រឆាំងជំងឺមហារីក កើនឡើង១ពាន់ដង​
S
Sinuon Nop
9 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្រុមអ្នក​ស្រាវជ្រាវ នៃសាកលវិទ្យាល័យហ្ស៊ីជៀង (​Zhejiang) ហៅកាត់ ​​ZJU​​ បានដោះស្រាយបញ្ហាដ៏ស្មុគស្មាញមួយ ទាក់ទងនឹងម៉ូលេគុល ដោយបានប្រែក្លាយមេផ្សិត​​(Yeast)ធម្មតា ឱ្យទៅជារោងចក្រដ៏មានប្រសិទ្ធភាព សម្រាប់ផលិតឱសថព្យាបាលជំងឺមហារីក​មានតម្លៃថ្លៃ និងបានបង្កើនផលិតភាពរបស់វា រហូតដល់១ពាន់ដង។ នេះបើតាមសារព័ត៌មានរបស់ហុងកុង South China Morning Post (SCMP) ។

មេផ្សិត
មេផ្សិត

ថ្នាំប្រឆាំងនឹងមហារីក ឈ្មោះ Vinblastine (វិនប្លាស្ទីន) ធ្លាប់តែចម្រាញ់ចេញ​ពីប្រភពដើម គឺរុក្ខជាតិផេរីវីនខលម៉ាដាហ្កាស្ការ (​Madagascar periwinkle ឬ Catharanthus roseus) ​អស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែគេ​ប្រើស្លឹកស្ងួតរបស់វារហូតដល់២តោន សម្រាប់​ផលិតថ្នាំប្រឆាំងនឹងមហារីក Vinblastine បានត្រឹមតែ១ក្រាម​ប៉ុណ្ណោះ ធ្វើឱ្យថ្នាំនេះ មានតម្លៃថ្លៃជាងមាសទៅទៀត បើគិតតាមទម្ងន់។ ភាពកម្រខ្លាំងនេះ បានធ្វើឱ្យថ្នាំមានតម្លៃថ្លៃ និងមានការផ្គត់ផ្គង់មិនទៀងទាត់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ​។

រុក្ខជាតិផេរីវីនខលម៉ាដាហ្កាស្ការ 
រុក្ខជាតិផេរីវីនខលម៉ាដាហ្កាស្ការ 

ទោះជាយ៉ាងណាក៏ដោយ ​​ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ក្រុមការងាររបស់ចិនមួយ ដឹកនាំដោយលោកសាស្ត្រាចារ្យ លៀន ជាហ្សាង (Lian Jiazhang) នៃសាកលវិទ្យាល័យ ZJU ប្រទេសចិន ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមអ្នកស្រាវជ្រាវរបស់លោក ហ្គូ យ៉ាង (Qu Yang) មកពីសាកលវិទ្យាល័យញូវ ប្រាន់ស្វីកខ៍ (New Brunswick) ប្រទេសកាណាដា និងក្រុមការងាររបស់លោកស្រី វ៉ាង យ៉ាជី (Wang Yajie) មកពីសាកលវិទ្យាល័យវ៉េស្ដលេក (Westlake) នៃប្រទេសចិន បានដោះស្រាយបញ្ហាជាប់គាំងទាំងនេះ ប្រកប​ដោយជោគជ័យ។

ក្រុមអ្នកវិទ្យាសាស្រ្ដទាំងនេះ បានកែប្រែហ្សែនរបស់មេផ្សិត ផលិតស្រាបៀរ (brewer’s yeast) សម្រាប់ផលិតសារធាតុកាថារ៉ានធីន​ (​Catharanthine) ដែលជាសារធាតុដើម សម្រាប់ផលិតថ្នាំប្រឆាំងនឹងជំងឺមហារីក Vinblastine នៅក្នុងបរិមាណ១៦៤,៩មិល្លីក្រាមក្នុងមួយលីត្រ​ នៅខាងក្នុងធុងបង្កកំណើត (Fermenter)។ បរិមាណនេះ ខ្ពស់ជាងជិត១០០០ដង បើធៀបនឹងតួលេខដែលធ្លាប់ផ្សព្វផ្សាយជាសកល កាលពី​ពេលមុន​។​ លទ្ធផលរកឃើញទាំងនេះ ត្រូវ​បានចុះផ្សាយដោយទស្សនាវដ្ដីវិទ្យាសាស្រ្ត (Science) ដែលមានការត្រួតពិនិត្យដោយក្រុមអ្នកជំនាញ ក្នុងវិស័យដូចគ្នា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

បើតាមសេចក្តីប្រកាសព័ត៌មានពី ZJU បានឱ្យដឹងថា រចនាសម្ព័ន្ធស្នូលដែល VinBLAST ភ្ជាប់នោះ គឺជាលក្ខណៈរួម ដែលមាននៅក្នុងឱសថធម្មជាតិជាង៧០០ប្រភេទ។ នេះមានន័យថា ប្រព័ន្ធ​​នេះ អាចនឹងត្រូវ​ពង្រីកនាពេលអនាគត សម្រាប់​​ផលិតឱសថសំខាន់​ផ្សេងៗទៀត ដូចជា ថ្នាំអេច្មាលីន (Ajmaline) ដែលប្រើសម្រាប់ព្យាបាលបញ្ហាចង្វាក់បេះដូង ដើរមិនប្រក្រតីជាដើម។ ក្រុមអ្នកវិទ្យាសាស្រ្ដទាំងនេះ បញ្ជាក់ថា ពួកគេកំពុងសហការជាមួយស្ថាប័នដៃគូ ដើម្បីបង្កើនកម្រិតផលិតកម្មថ្នាំ Vinblastine និងសារធាតុអាល់កាឡូអ៊ីត (alkaloids) និងកំពុងខិតជិតដល់គោលដៅក្នុងការធ្វើឱ្យឱសថជួយសង្គ្រោះជីវិតមនុស្សទាំងនេះ កាន់តែងាយស្រួល ទទួលបាន និងមានតម្លៃសមរម្យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត