អាម៉េរិក បាត់បង់យន្ដហោះគ្មានមនុស្សបើកMQ-9ក្នុងសង្គ្រាមអ៊ីរ៉ង់ យ៉ាងតិច៤៥គ្រឿង
S
Sinuon Nop
6 ម៉ោងមុន

រដ្ឋធានីតេហ៊ីរ៉ង់៖ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាម៉េរិក បានខាតបង់ធនធានយោធា យ៉ាងតិចជាង៣៧,៥ពាន់លានដុល្លារអាម៉េរិក ដោយភាគច្រើនបំផុត ជាគ្រឿងសព្វាវុធ និងគ្រាប់រំសេវ ខណៈឥឡូវសារព័ត៌មានរបស់សហរដ្ឋអាម៉េរិក បានដកស្រង់ប្រភពដែលដឹងពីកិច្ចការសង្គ្រាមនេះ បានរាយការណ៍អំពីរដ្ឋធានីវ៉ាស៊ីនតោន បាត់បង់យន្ដហោះគ្មានមនុស្សបើកដ៏ទំនើបបំផុត ប្រភេទ MQ-9 យ៉ាងតិច៤៥គ្រឿង...។

សារព័ត៌មានរបស់សហរដ្ឋអាម៉េរិក The Washington Post បានចេញផ្សាយនៅថ្ងៃសុក្រទី១៤ ខែសីហានេះថា បើតាមប្រភពពីមន្រ្ដីសហរដ្ឋអាម៉េរិកចំនួន៣រូប ដែលដឹងពីកិច្ចការសង្គ្រាមនេះ បានឱ្យដឹងថា កងទ័ពសហរដ្ឋអាម៉េរិក បានបាត់បង់យន្ដហោះគ្មាមនុស្សបើក ប្រភេទ MQ-9 Reaper យ៉ាងច្រើននៅអំឡុងសង្គ្រាមវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ឬស្មើនឹងប្រហែលជិត២៥ភាគរយ នៃកងយន្ដហោះគ្មានមនុស្សបើករបស់រដ្ឋធានីវ៉ាស៊ីនតោន។

បើតាមកងទ័ពអាកាសសហរដ្ឋអាម៉េរិក បានឱ្យដឹងថា MQ-9 Reaper ជាប្រភេទយន្ដហោះគ្មានមនុស្សបើក ត្រូវប្រើប្រាស់ជាមធ្យោបាយឈ្លបយកការណ៍ និងកំណត់គោលដៅវាយប្រហារ។ យន្ដហោះគ្មានមនុស្សបើកប្រភេទនេះ មានតម្លៃ ចន្លោះពី៣០លានទៅ៥០លានដុល្លារក្នុងមួយគ្រឿង ហើយតម្លៃរបស់វា អាស្រ័យទៅលើប្រភេទសេនស័រ និងគ្រឿងសព្វាវុធសម្រាប់បំពាក់នៅលើយន្ដហោះប្រភេទនេះ។ បើតាមតួលេខនេះ អ្នកបង់ពន្ធដ៏មានសក្ដានុពល បានចំណាយទៅលើការបាត់បង់យន្ដហោះគ្មានមនុស្សបើក MQ-9 Reaper ទាំងអស់មានចំនួនជាង១,៣ពាន់លានដុល្លារអាម៉េរិក សម្រាប់ប្រព័ន្ធអាវុធប្រភេទនេះតែមួយមុខប៉ុណ្ណោះ។

បើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅថា លោក ភីត ហេគសេត (Pete Hegseth) រដ្ឋមន្រ្ដីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានថ្លែងទៅកាន់សភាថា រហូតមកដល់ពេលនេះ ការចំណាយរបស់សហរដ្ឋអាម៉េរិកទៅលើសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់ បានកើនឡើង ដល់៣៧,៥ពាន់លានដុល្លារអាម៉េរិក ដោយភាគច្រើន ខាតបង់ទៅលើគ្រឿងសព្វាវុធ គ្រាប់រំសេវ និងមីស៊ីល។

ការបើកឆាកសង្គ្រាមរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈនោះ ជម្លោះនេះ បានរីករាលដាល នៅពាសពេញតំបន់មជ្ឈិមបូព៌ា។ ជាលទ្ធផល សង្គ្រាមនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់សរុបជាង១០០០០នាក់ ខណៈមនុស្សជាង៥៤០០០នាក់ផ្សេងទៀត រងរបួស។ ចំនួនជនរងគ្រោះ ដែលបានបាត់បង់ជីវិតច្រើនជាងគេបំផុត គឺនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានអ្នកស្លាប់ ប្រហែល៦០០០នាក់ និងលីបង់ មានអ្នកស្លាប់៤០០០នាក់ ខណៈប្រទេសផ្សេងៗទៀត នៅតំបន់ជុំវិញប្រទេសអ៊ីរ៉ង់ មានអ្នកស្លាប់ក្រោម១០០នាក់ ដោយលើកលែងតែអ៊ីរ៉ាក់ មានអ្នកស្លាប់ចំនួន១៤៦នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត