
រាជធានីភ្នំពេញ៖ ដោយបានសង្កេតឃើញមានជនខិលខូចផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក, ទិកតុក និងបណ្តាញសង្គមផ្សេងៗថា គ្រាន់តែមើលវីដេអូ ឬបំពេញតាមការណែនាំនឹងអាចទទួលបានទឹកប្រាក់។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៤សីហានេះ បានចេញមកអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នលើរឿងនេះ…។

មន្រ្តីប្រៃសណីយ៍ គូសបញ្ជាក់ថា ជនខិលខូចអាចប្រើប្រាស់ការផ្សព្វផ្សាយទាំងនេះ ក្នុងបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ចូលរួមក្រុម (Join group) ទាក់ទងទៅគណនីណាមួយ ឬអនុវត្តតាមការណែនាំផ្សេងៗ ដោយបញ្ចូលព័ត៌មានគណនីធនាគារ ដើម្បីទទួលបានប្រាក់។ បន្ទាប់មកជនខិលខូចនឹងណែនាំឱ្យជនរងគ្រោះទាញយក ឬដំឡើងកម្មវិធីមេរោគ (Malware) ណាមួយដែលអាចមានសិទ្ធិគ្រប់គ្រងមុខងារមួយចំនួននៅលើទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់។ លើសពីនេះអាចលួចព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ លេខកូដ OTP លេខសម្ងាត់ (PIN) និងពាក្យសម្ងាត់ (Password)។ ហើយអាចប្រើប្រាស់ព័ត៌មាន ឬសិទ្ធិទាំងនោះដើម្បីលួចប្រាក់ ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុពីម្ចាស់គណនី ។

ដើម្បីចៀសវៀងកុំឱ្យគេលួច ហាមផ្តល់ព័ត៌មានសម្ងាត់ ដូចជាលេខសម្ងាត់ (PIN), លេខកូដ OTP ពាក្យសម្ងាត់ (Password) ឬព័ត៌មានគណនីធនាគារ តាមការស្នើសុំរបស់កម្មវិធី ឬជនមិនស្គាល់។ កុំភ្ជាប់គណនីធនាគារ ជាមួយកម្មវិធីដែលមិនគួរឱ្យទុកចិត្ត ឬមិនស្គាល់ប្រភព។ ហាមចុចលើតំណភ្ជាប់ ឬទាញយក និងដំឡើងកម្មវិធី ឬអនុវត្តតាមការណែនាំណាមួយតាមរយៈការផ្សព្វផ្សាយ ពីប្រភពមិនច្បាស់លាស់។ គួរជ្រាបថា ក្នុងករណីបានទាញយក ឬដំឡើងកម្មវិធីដែលគួរឱ្យសង្ស័យ ត្រូវទាក់ទងទៅកាន់ធនាគារភ្លាមៗ ដើម្បីបិទ ឬបង្កកគណនី ឬកាតរបស់អ្នក។ រក្សាទុកភស្តុតាង ដូចជា Screenshot, ឈ្មោះកម្មវិធី (App) ឬ APK និងប្រវត្តិប្រតិបត្តិការទាំងអស់។ លុបកម្មវិធី (App) ឬ APK ចេញពីទូរសព្ទ ឬឧបករណ៍របស់អ្នកភ្លាមៗ។ហើយរាយការណ៍ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់វិធានការស៊ើបអង្កេត និងស្វែងរកដំណោះស្រាយ៕



