ក្រសួង នឹងចាត់វិធានការច្បាប់ចំពោះអ្នកយក«កុមារផលិតវីដេអូប៉ះពាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូរ»
អុន សម្ផស្ស
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ«ទប់ស្កាត់ការយកកុមារទៅបង្កើតមាតិកាតាមបណ្តាញសង្គម» ដែលអាចប៉ះពាល់ដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងឧត្តមប្រយោជន៍របស់កុមារ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ការកម្សាន្ត ឬរកប្រាក់ចំណូល..។

រូបភាពតំណាង
រូបភាពតំណាង

តាមការកត់សម្គាល់របស់ក្រសួង មានការផលិត បង្ហោះ ចែកចាយ និងចែករំលែកបន្តនូវរូបភាព ឬវីដេអូអាសអាភាសរបស់កុមារតាមបណ្តាញសង្គម និងកម្មវិធីផ្ញើសារ។ ជាមួយគ្នានេះ ក៏មានអ្នកបង្កើតមាតិកាមួយចំនួនយកកុមារមកសម្ដែង ឬថតវីដេអូ ដោយប្រើពាក្យពេចន៍ កាយវិការ ឬសកម្មភាពមិនសមរម្យ ដើម្បីទាក់ទាញអ្នកទស្សនា និងបង្កើនចំណូល។ ក្រសួងចាត់ទុកថា សកម្មភាពបែបនេះអាចប៉ះពាល់ដល់សិទ្ធិ ឯកជនភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍរបស់កុមារ ព្រមទាំងអាចនាំឱ្យកុមារក្លាយជាកម្មវត្ថុនៃការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច ការជួញដូរ និងការរំលោភបំពានផ្សេងៗ។ ហេតុនេះ ក្រសួងបញ្ជាក់ថា៖«នឹងចាត់វិធានការតាមច្បាប់ជាធរមានចំពោះអ្នកបង្កើតមាតិកា ឬសាធារណជនដែលនៅតែបន្តយកកុមារទៅថតរូប ឬវីដេអូ ហើយប្រើប្រាស់តាមបណ្តាញសង្គមក្នុងរបៀបដែលប៉ះពាល់ដល់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ»។ 

រូបភាពឯកសារ
រូបភាពឯកសារ

ក្រៅពីនេះ ដើម្បីធានាការការពារកុមារ ក្រសួងណែនាំថា ការថតរូប ឬវីដេអូកុមារ ត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីកុមារផ្ទាល់ ឬពីឪពុកម្តាយ និងអាណាព្យាបាល។ រាល់ការប្រើប្រាស់រូបភាព និងវីដេអូកុមារ ត្រូវបង្ហាញបរិបទដោយស្មោះត្រង់ គោរពសេចក្តីថ្លៃថ្នូរ និងប្រើប្រាស់តាមគោលបំណងសមស្រប។ ជាពិសេស ក្រសួងហាមការផលិតមាតិកាដែលបង្ហាញកុមារក្នុងលក្ខណៈផ្លូវភេទ ក្នុងស្ថានភាពទុក្ខព្រួយ អាម៉ាស ឬគ្រោះថ្នាក់ ដើម្បីទាក់ទាញការចាប់អារម្មណ៍។ អ្នកបង្កើតមាតិកាក៏ត្រូវជៀសវាងការបង្ហាញព័ត៌មានអត្តសញ្ញាណរបស់កុមារ ដូចជា សាលារៀន និងទីលំនៅ។ ក្រសួង ក៏អំពាវនាវដល់អ្នកផ្តល់សេវាអ៊ីនធើណេត និងក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម ឱ្យចូលរួមទប់ស្កាត់ និងដកចេញមាតិកាមិនសមរម្យ ឬមាតិកាខុសច្បាប់ដែលប៉ះពាល់ដល់កុមារ ជាពិសេសមាតិការំលោភបំពានផ្លូវភេទលើកុមារ (CSAM) និងចាត់វិធានការចំពោះទំព័រ ឬគណនីដែលបង្កផលប៉ះពាល់ដល់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ។ 

ជាមួយគ្នានេះ មាតាបិតា អាណាព្យាបាល សាធារណជន និងវិស័យឯកជន ត្រូវចូលរួមទប់ស្កាត់ និងរាយការណ៍រាល់សកម្មភាពដែលមានលក្ខណៈកេងប្រវ័ញ្ច ឬប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬតាមលេខទូរសព្ទទាន់ហេតុការណ៍របស់នគរបាលជាតិ១២៨៨ និងបណ្តាញទូរសព្ទជំនួយកុមារកម្ពុជា១២៨០។ លើសពីនេះ ក្រសួងក្រើនរំឭកដល់អ្នកបង្កើតមាតិកា សាធារណជន និងវិស័យឯកជន ឱ្យផ្តោតលើការផលិតមាតិកាដែលមានប្រយោជន៍ផ្នែកអប់រំ លើកកម្ពស់សីលធម៌សង្គម វប្បធម៌ ប្រពៃណី និងជាពិសេសការលើកកម្ពស់សិទ្ធិកុមារ ស្របតាមច្បាប់ គោលនយោបាយ និងក្រមសីលធម៌សម្រាប់កិច្ចការពារកុមារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត