
រាជធានីភ្នំពេញ៖ បន្ទាប់ពីវីដេអូចម្រៀងថ្មីរបស់តារាចម្រៀងវៀតណាម បង្ហាញពី ពិធីរៀបមង្គលការ ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ការរបាំ ការឧបករណ៍តន្ត្រី និងទិដ្ឋភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរកម្ពុជាក្រោម នាតំបន់ភាគខាងត្បូងប្រទេសវៀតណាម (ដែនដីកម្ពុជាក្រោម) បានបង្កឱ្យមានមតិយោបល់ចម្រុះ ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា អ្នកជំនាញវប្បធម៌ និងមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា ការបង្ហាញនេះមិនប៉ះពាល់ដល់ដល់វប្បធម៌ខ្មែរឡើយ និងជាការបង្ហាញពីសាមគ្គីភាពរវាងជាតិសាសន៍ជិតខាងគ្នាទាំងពីរដ៏ល្អទៀតផង...។

ថ្លែងប្រាប់ SBM News នៅព្រឹកថ្ងៃទី១៤សីហា ឆ្នាំ២០២៦ លោក សុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ មានប្រសាសន៍ថា រូបភាព និងអត្ថន័យដែលបង្ហាញក្នុងវីដេអូបទចម្រៀងវៀតណាម ដែលអាចបកប្រែជាភាសាខ្មែរថា «ឋានសួគ៌ជាមួយមនុស្សជាទីស្រឡាញ់» នេះ មិនមានផលអវិជ្ជមានចំពោះកម្ពុជាឡើយ។ ផ្ទុយមកវិញលោកមើលឃើញថា វាជាការបង្ហាញពីការគាំទ្រ និងការផ្សព្វផ្សាយទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌បងប្អូនខ្មែរកម្ពុជាក្រោម ដែលកើតចេញពីការស្រឡាញ់របស់ជនជាតិវៀតណាម លើដែនដីកម្ពុជា។ ក្នុងន័យនេះ លោកគូសរំលេចថា៖ «[យើង]មិនអាចវាយតម្លៃថា ជាការរំលោភបំពានទៅលើប្រពៃណី វប្បធម៌របស់ប្រទេសណាមួយនោះទេ មិនគួរអ៊ីចឹងទេ! ការគិត គួរតែបើកចិត្តឱ្យទូលាយ ហើយវិភាគឱ្យបានស៊ីជម្រៅទៅលើរូបភាព និងអត្ថន័យ និងកុំបាញ់ឆ្ពោះទៅលើភាពអវិជ្ជមាន»។

ស្របគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ប្រសិនបើការផ្សព្វផ្សាយនោះមិនមានចេតនាបង្អាប់ ឬបំភ្លៃធាតុដើមនៃវប្បធម៌ខ្មែរ នោះជារឿងវិជ្ជមាន។ លោកបញ្ជាក់ថា៖«ប្រសិនបើការផ្សព្វផ្សាយជាបុគ្គល ឬក៏ជាក្រុមតូច ហើយការផ្សាយហ្នឹងវាអត់មានធ្វើឱ្យខូចវប្បធម៌របស់យើងទេ ខ្ញុំគិតថា វាជារឿងមួយដែលល្អ ដែលគេជួយផ្សព្វផ្សាយប្រពៃណីទំនៀមទម្លាប់របស់យើង»។ ទោះជាយ៉ាងណា ប្រសិនបើមានការបង្ហាញខុសពីធាតុដើម ឬមានការបំភ្លៃខ្លឹមសារវប្បធម៌ ក្នុងនាមជាម្ចាស់វប្បធម៌ ប្រជាពលរដ្ឋខ្មែរអាចបញ្ចេញមតិ និងស្នើឱ្យមានការកែតម្រូវបាន។ ប៉ុន្តែការបញ្ចេញមតិ គួរធ្វើឡើងដោយមានហេតុផល សេចក្តីថ្លៃថ្នូរ និងជៀសវាងការប្រើពាក្យពេចន៍ ដែលអាចបង្កជម្លោះ ឬប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេស និងប្រទេស។

លោកបណ្ឌិត ក៏បានលើកឡើងពីបរិបទប្រវត្តិសាស្ត្រ ដោយសារតំបន់មួយចំនួន ដែលធ្លាប់ជាដែនដីខ្មែរ មានប្រជាជនខ្មែរ និងវប្បធម៌ខ្មែររស់នៅរាប់ជំនាន់មនុស្ស ដូច្នេះ ការដែលសហគមន៍ខ្មែរនៅតំបន់ទាំងនោះ[ដែនដីកម្ពុជាក្រោម] បង្ហាញអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន គួរត្រូវបានយល់ក្នុងបរិបទប្រវត្តិសាស្ត្រ និងសង្គមរបស់ពួកគេ។ អ្នកជំនាញរូបនេះ ពញ្ញាក់ស្មារតីពលរដ្ឋខ្មែរ ជាពិសេសយុវជន ថា ប្រសិនបើបារម្ភខ្លាចបាត់បង់ ត្រូវខំសិក្សា ស្រាវជ្រាវ អំពីឫសគល់នៃវប្បធម៌ខ្មែរ ព្រមទាំងចូលរួមផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍវប្បធម៌ខ្មែរឱ្យកាន់តែរីកចម្រើន ជាជាងការបញ្ចេញមតិដោយគ្មានមូលដ្ឋានច្បាស់លាស់។

លោកសង្កត់ធ្ងន់ថា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ចំពោះការការពារវប្បធម៌ គឺជារឿងដែលអាចយល់បាន ប៉ុន្តែការឆ្លើយតប គួរធ្វើឡើងដោយសន្តិវិធី និងផ្អែកលើការយល់ដឹង។ ប្រទេសកម្ពុជា និងប្រទេសជិតខាង មិនអាចជៀសផុតពីទំនាក់ទំនងគ្នាបានឡើយ ដូច្នេះ ការពារអត្តសញ្ញាណវប្បធម៌ គួរធ្វើដោយប្រាជ្ញា និងការទទួលខុសត្រូវ។ សរុបជារួមមក អ្នកជំនាញយើងយល់ថា ការបង្ហាញវប្បធម៌ខ្មែរតាមរយៈសិល្បៈ និងតន្ត្រីរបស់ប្រទេសដទៃ មិនគួរត្រូវបានមើលឃើញជាស្វ័យប្រវត្តិ ថា ជាការបាត់បង់ ឬការលួចយកវប្បធម៌ឡើយ។ អ្វីដែលសំខាន់ គឺការយល់ដឹងអំពីប្រភពដើម ការបង្ហាញដោយត្រឹមត្រូវ និងការបន្តចូលរួមរបស់ខ្មែរផ្ទាល់ ក្នុងការសិក្សា អភិរក្ស និងផ្សព្វផ្សាយមរតកវប្បធម៌របស់ខ្លួន។

យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខ្មែរទាំងរស់នៅលើដែនដីកម្ពុជាក្រោម (បច្ចុប្បន្នគ្រប់គ្រងដោយវៀតណាម) និងបងប្អូនខ្មែរនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជារស់នៅឯនាយសមុទ្ទ បានសម្ដែងការសាទរចំពោះស្នាដៃរបស់តន្ត្រីករ និងអ្នកចម្រៀងវៀតណាម ដែលបានលើកស្ទួយមរតកវប្បធម៌ខ្មែរ តាមរយៈការបង្ហាញប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរ បញ្ចូលទៅក្នុងវីដេអូបទចម្រៀងរបស់ខ្លួន ដោយការផ្ដល់តម្លៃ និងបានបញ្ជាក់យ៉ាងច្បាស់ៗថា ជាសម្លៀកបំពាក់ ទំនៀមទម្លាប់ ប្រពៃណីរបស់បងប្អូនខ្មែរកម្ពុជាក្រោម មិនដូចប្រទេសក្បែរខាងកម្ពុជាមួយនៅភាគខាងលិច ដែលព្យាយាមបំភ្លេចប្រវត្តិសាស្ត្រដូចតាខ្លួន ហើយមកក្លែងបន្លំ ប្លន់យកវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរ ទៅធ្វើជារបស់ខ្លួនដោយឥតអៀនខ្មាស ទាំងដែលបរទេសផ្សេងទៀត ដឹងយ៉ាងប្រត្យក្សរួចទៅហើយថា ប្រទេសចោរកំពុងឈ្លានពានទឹកដីកម្ពុជាមួយនេះ ទើបនឹងកកើតក្រោយប្រទេសខ្មែរដល់ទៅរាប់ពាន់ឆ្នាំឯណោះ៕







